កីឡា​ការិនី អ៊ុក ស្រីមុំ៖ ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ចិនមិន​ងាយ​ស្រួល​ដូច​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​ឡើយ​

53

ប៉េតង់៖ វីរៈ​កីឡា​ការិនី​កីឡា​ប៉េតង់ អ៊ុក ស្រីមុំ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍ Women’s Petanque World Championship 2018 នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​រួចហើយ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ ប៉ុន្តែ​មិនសូវ​ទំនុក​ចិត្ត​ខ្ពស់​ដូច​កាល​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក​នៅ​ក្នុង​ព្រឹត្តិការណ៍ World Championship Petaque 2017 កាលពី​ខែ​មេសា​កន្លងទៅ​នោះ​ទេ​។អ៊ុក ស្រីមុំ បាន​ប្រាប់​​ឲ្យ​ដឹង​ថា ការប្រកួត​ជើងឯក​ពិភពលោក​ទាំងពីរ​ខាងលើ ​គឺជា​ព្រឹត្តិការណ៍ ២​ផ្សេង​គ្នា​ដោយ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក World Championship Petaque 2017 គឺជា​ព្រឹត្តិការណ៍​ថ្មីដែល​ទើប​បង្កើត និង​បើកទូលាយ​ទាំង​បុរស​-​នារី​ចូលរួម។ ចំណែក​ព្រឹត្តិការណ៍ Women’s Petanque World Championship 2018 ជា​ព្រឹត្តិការណ៍​បង្កើត​ឡើងជា​យូរ​មក​ហើយ ប៉ុន្តែ​ផ្ដោត​លើ​ការប្រកួត​ផ្នែក​នារី​ប៉ុណ្ណោះ​។ អាស្រ័យ​ហេតុ​នេះ​កីឡា​ការិនី​  អ៊ុក ស្រីមុំ ពិតជា​មានការ​ព្រួយបារម្ភ​ខ្លះ សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួតជើងឯក​ពិភពលោក​នៅ​ចិន​នា​ពេល​ខាង​មុខ ព្រោះ​វិញ្ញាសា​អ្នកស្រី​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​នេះ មិន​ត្រូវ​បាន​ភាគី​ម្ចាស់ផ្ទះ​ចិនអនុញ្ញាត​ដាក់​ឲ្យ​ប្រកួត​នោះ​ទេ គឺ​វិញ្ញាសា​វាយ​ទោល​នារី។ ដូច្នេះ​ហើយ​ទើប​កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ ប្ដូរ​មក​ពង្រឹង​ការ​ហ្វឹកហាត់​លើ​វិញ្ញាសា ៣​នាក់ទល់នឹង ៣​នាក់​នារី​វិញ ដើម្បី​ត្រៀម​ប្រកួតប្រជែង​ស្វែងរក​មេដាយ​ជូន​ជាតិ។​

​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ប៉េតង់ជើងឯក​ពិភពលោកផ្នែក​នារីឆ្នាំ​២០១៧ ដែល​ចិន​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​នេះ តាម​គម្រោង​នឹង​មាន​អត្តពលិក​ម​ក​ពី​ជាង ៥០​ប្រទេស​ចូលរួម ខណៈ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា បានសម្រេច​បញ្ជូន​កីឡា​ការិនី ៤​រូប​ទៅ​ចូលរួមគឺ​មាន​កីឡា​ការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡា​ការិនី​វ័យក្មេង ស្រ៊ាង សុរ៉ា​ឃីម។ ចំណែក​កម្មវិធី​ប្រកួត​ផ្លូវការ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៨ រហូតដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ៕

អត្ថបទ លី ឈុន​ឡា