Real Madrid យក​ឈ្នះ​ម្ចាស់ផ្ទះ​ទួរគី Anadolu Efes ដោយ​ពិន្ទុ 88-74 ថ្ងៃ​បើក​រដូវ​កាល​បាល់បោះ EuroLeague

48

បាល់​បោះ៖ ​ក្រុម​បាល់បោះ Real Madrid របស់​ប្រទេស​អេ​ស្ប៉ា​ញ​ ចាប់ផ្ដើម​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ នៃ​ក្រប​ខណ្ឌ​បាល់បោះ EuroLeague ក្រោយពី​​យកឈ្នះ​ក្នុង​លទ្ធផល 88-74 ទៅលើ​ក្រុម Anadolu Efes កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​ នៅ​ក្នុង​កីឡដ្ឋាន Sinan Erdem Dome ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល​ប្រទេស​ទួរគី។ ​​កីឡាករ​យុវជន​វ័យក្មេង Real Madrid ដែល​មាន​ឈ្មោះថា Luka Doncic ជា​អ្នកធ្វើ​បាន​ល្អ​ក្នុង​វគ្គ​ទី​១ ក្រោយ​បោះ​យក​ ៣​ពិន្ទុ​ឲ្យ Real Madrid នាំមុខ 28-19 ពេល​បញ្ចប់​វគ្គ​ទី​១ ខណៈ​ដែល​សរុប​ពេញការ​ប្រកួត​នោះ Doncic ដែល​មាន​វ័យ ១៨​ឆ្នាំ​ធ្វើ​បាន ២៧​ពិន្ទុ​ខ្ពស់​ជាងគេ​ដើម្បី​ធានា​ពិន្ទុ​ឈ្នះ 88-74 ក្រៅ​ដី។​ ​ចំណែក​ឯ​កីឡាករ​មិត្ត​រួម​ក្រុម​ជើងចាស់ ៣២​ឆ្នាំ Gustavo Ayon សញ្ជាតិ​មិ​ក​ស៊ិ​ក​ធ្វើ​បាន 16ពិន្ទុ​ដែរ។​ ​ចំពោះ​ឯ​ការប្រកួត​បន្ទាប់​រប​ស់ Real Madrid នឹង​ស្វាគមន៍​ក្រុម​រុស្ស៊ី CSKA Moscow ក្នុង​កីឡដ្ឋាន WiZink Center នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ ខណៈ​ដែល​ក្រុម​ចាញ់​នៅ​ពេល​នេះ Anadolu Efes ហោះ​ទៅ​ប្រកួត​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​មួយទៀត​គឺ Valencia នៅ​ថ្ងៃ​សុក្រ​ទី​២០​ ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ