​ចំនួន​មនុស្ស​ស្លាប់​​បាន​កើន​ឡើង​ដល់ ២៧​នាក់​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​​​ក្នុង​រដ្ឋ​​ California ​​បន្ត​ឆេះ​រាល​ដាល​​កាន់តែ​ខ្លាំង

106

អាមេរិក៖ កង​កម្លាំង​​ពន្លត់​អគ្គិភ័យ​​បាន​ប្រឹង​ប្រែង​​អស់​រយៈ​ពេល​​ ៤​ថ្ងៃ​​មក​ហើយ​​ដល់​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ ដើម្បី​​​ទប់​ស្កាត់​ការ​ឆេះ​រាល​ដាល​​ព្រៃ​ឈើ​ ខណៈ​​ដែល​​មនុស្ស​​យ៉ាង​ហោច​ណាស់​ ២៧​នាក់​បាន​បាត់​បង់​ជីវិត​​នៅ​រដ្ឋ​ North California និង​បាន​​ធ្វើ​​​ឲ្យ​មនុស្ស​​រាប់​រយ​នាក់​​​កំពុង​បាត់​ខ្លួន​​​ ក្នុង​ស្ថានភាព​​ដ៏​ច្របូក​ច្របល់​​នៃ​ការ​ជម្លៀស​​មនុស្ស​យ៉ាង​ច្រើន​​ នៅ​ភាគ​កណ្ដាល​​នៃ​តំបន់​​ផលិត​ស្រា​របស់​រដ្ឋ​នេះ។

ការ​កើត​មាន​​ជា​ថ្មី​​នៃ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​​ បាន​​ជំរុញ​ឲ្យ​​​អណ្ដាត​ភ្លើង​​​ឆេះ​រាល​​​ដាល​​ជា​ច្រើន​កន្លែង ​​​ឲ្យ​ចូល​ក្នុង​​ទីប៉ាប៉ាវ៉ល្លី​នៃ​តំបន់​​កាលីស្តូហ្កា ​​ជា​ទី​ដែល​​មាន​អ្នក​ស្រុក​​រស់​នៅ​​ជាង​ ៥​ពាន់​នាក់ ​​ត្រូវ​គេ​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​​របស់​ខ្លួន​កាល​ពី​​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​ នៅ​ពេល​​ស្ថានភាព​​កាន់​តែ​អាក្រក់​​ខ្លាំង​ ហើយ​ការ​ឆេះ​​ព្រៃ​កាន់​តែ​រាល​ដាល​​ទៅ​ជិត​​តំបន់​នោះ។ ​ក្រុម​អាជ្ញាធរ​​ពន្លត់​​អគ្គិភ័យ​បាន​និយាយ​ថា​ ពួក​គេ​​កំពុង​​កំណត់​​គោលដៅ​​ពន្លត់​អណ្ដាត​ភ្លើង​​​ឆេះ​រាល​ដាល​នេះ។

ចំណុច​ភ្លើង​​ឆេះ​កើត​មាន​​ជិត​ ៣០​កន្លែង​​ដែល​ឆេះ​រាល​ដាល​ទៅ​​លើ​​ទី​ជន​បទ​ ៨​កន្លែង​​ចាប់ផ្ដើម​​តាំង​ពី​រាត្រី​​​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ និង​​បាន​បំផ្លាញ​​​ព្រៃ​ឈើ​​នៅ​លើ​​ផ្ទៃ​ដី​​ ៦ម៉ឺន​៩ពាន់​ហិកតា​ និង​​អគារ​យ៉ាង​ហោច​ណាស់​ ៣៥០០​ខ្នង​ ខណៈ​ដែល​មនុស្ស ២៧​នាក់​​ត្រូវ​គេ​​បញ្ជាក់​ថា​បាន​បាត់​បង់​ជីវិត​ ដែល​នេះ​ជា​ការ​បាត់​បង់​ជីវិត​ច្រើន​បំផុត​​ក្នុង​ហេតុការណ៍​​ភ្លើង​ឆេះ​ព្រៃ​​​នៅ​រដ្ឋ​ California តែ​មួយ​ប៉ុណ្ណោះ​​តាំង​ពី​ឆ្នាំ​១៩៩១​មក៕

អត្ថបទ៖ រិទ្ធី