ទំនប់​ត្រពាំង​បឹង​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ថ្មី​មួយ​របស់​ខេត្តកំពត

205

កំពត ៖ ​ទំនប់​ត្រពាំង​បឹង ​ក្នុង​ខេត្តកំពត ​បាន​នឹង​កំពុង​ក្លាយ​ជាទី​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​សម្រាក​លម្ហែ​កម្សាន្ត ​ដោយសារតែ​ទំនប់​នេះ​មាន​ទេសភាព​ស្អាត ​ខ្យល់អាកាស​បរិសុទ្ធ​ ផ្ទៃ​អាង​ធំ​ទូលាយ​មាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​ជាង​៦ ​លាន​ម៉ែត្រគូប ​ដែល​ជា​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​របស់​ប្រជាកសិករ​ជិត​បួន​ពាន់​ប្រាំ​រយ​គ្រួសារ ​នៅក្នុង​ឃុំ​សត្វ ​ពង ស្រុក​ឈូក​។

ទំនប់​ត្រពាំង​បឹង ​មាន​ចម្ងាយ​ប្រហែល​៤២​គីឡូម៉ែត្រ​ភាគ​ឦសាន​ទី​រួម​ខេត្តកំពត ​ដោយ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទិសដៅ​កំពត​-​ភ្នំពេញ​។ ភ្ញៀវ​ទាំងឡាយ​ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាង​ស្តាំ​ពេលធ្វើ​ដំណើរ​ហួស​ផ្សារ​ឈូក​ប្រមាណ​៥០០​ម៉ែត្រ ​ហើយ​បន្ត​ដំណើរ​តាម​ផ្លូវលំ​ប្រហែល​៤០០​ ម៉ែត្រ​ទៀត នោះ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ នឹង​ឃើញ​អាង​ស្តុក​ទឹក​ដ៏​ធំ​ល្វឹងល្វើយ ​ជាមួយ​ទេសភាព​យ៉ាង​ល្អ​ប្រណីត​។

អ្នកភូមិ​រស់នៅ​ក្បែរ​ទំនប់​នេះ ​បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​ទំនប់​ត្រពាំង​បឹង​បាន​ស្ថាបនា​រួចរាល់​កាល​ពីដើម​ខែ កញ្ញា​ មុន នេះ​ ភ្ញៀវ​ក៏បាន​ចាប់​ផ្ដើម​មក​លម្ហែ​លើ​ខ្នង​ទំនប់​គយគន់​ទេសភាព​ផ្សេងៗ​។​​ប្រហែល​មួយ​សប្តាហ៍​ ក្រោយ​ ពេល​មាន​ទឹក​ ពេញ​ក្នុង​អាង​ទំនប់ មិន​ត្រឹមតែ​អ្នក​ក្នុងស្រុក​ទេ គឺ​ភ្ញៀវ​ពី​ចម្ងាយ​ក៏​នាំគ្នា​ទៅ​កម្សាន្ត​ច្រើន​ឡើងៗ ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​។

ប្រជាពលរដ្ឋ​ បាន​អំពាវនាវ​ថា ​នៅ​ទីនោះ​មាន​ទាំង​មនុស្ស​វ័យ​ចំណាស់ ​ព្រមទាំង​កុមារ​តូចៗ​ ដើរ​លម្ហែ​ផង​ ដូច្នេះ​សូម ​អ្នកបើកបរ​រថយន្ត ម៉ូតូ ​មេត្តា​កុំ​ប្រើប្រាស់​ល្បឿន​លឿន​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ ក៏ដូចជា​មានឱកាស​គយគន់​កម្សាន្ត ​និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​បាន​គ្រប់គ្រាន់ ព្រោះ​តាម​ការ​មើល​ឃើញ​ជាក់ស្តែង ​ព្រោះតែ​ខ្នង​ទំនប់​ធំ​ទូលាយ​ អ្នកបញ្ជា​យានយន្ត ​ពិសេស​ក្រុម​យុវវ័យ​ភាគច្រើន​ហាក់​ដូចជា​មិនសូវ​បង្អន់ល្បឿន​សោះ​។

លោក ខៀវ ឫទ្ធិ​ភ័​ណ្ឌ ​អភិបាលស្រុក​ឈូក បាន​ឲ្យ​ដឹងថា ​ទំនប់​ត្រពាំង​បឹង​មាន​ទីតាំង​ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ ចំនួន​បី គឺ​ឃុំ​ត្រ​ម៉ែង ឃុំ​ក្រាំង​ស្នាយ និង​ឃុំ​សត្វ​ពង លាតសន្ធឹង​លើ​ទំហំ​ដី​ជិត​៨០​ហិកតា​។

លោក​ បាន​បញ្ជាក់ថា ដោយ​មើល​ឃើញ​នូវ​ភាព​ចាំបាច់​ ក្រោយពី​ខកខាន​មិនបាន​ប្រើប្រាស់​ដោយ​សារ​បាក់​ធ្លាយ ជា​យូរ​ឆ្នាំកន្លងមក ​ទើប​កាលពី​ខែកុម្ភៈ ​ដើមឆ្នាំ​នេះ ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចាប់ផ្តើម​ជួសជុល​ស្តារឡើងវិញ ​ហើយ​សម្រេច​រួចរាល់​នា​ដើមខែ​កញ្ញា​កន្លង​ទៅនេះ​។

លោក​អភិបាលស្រុក​ បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​ស្ថាបនា​រួចរាល់​ដោយ​លើកកម្ពស់ ​និង​ពង្រីក​ខ្នង​ទំនប់​ឱ្យ​កាន់តែ​ធំ ​ទូលាយ ​អាង​ត្រពាំង​បឹង​មាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​ជាង​៦​លាន​៣​សែន​ម៉ែត្រគូប ​និង​បាន​ផ្តល់​ប្រយោជន៍​ប្រើប្រាស់​ ទឹក​ដល់​ប្រជាកសិករ​នៅ​តំបន់​ជុំវិញ​ចំនួន​ជិត​៤​ពាន់​៥​រយ​គ្រួសារ​។

លោក ខៀវ ឫទ្ធិ​ភ័​ណ្ឌ​ បាន​បញ្ជាក់ថា ​អ្វីដែល​នឹកស្មាន​មិន​ដល់ គឺ​ក្រោយ​លេចចេញ​ជា​រូបរាង ​និង​មាន​ទឹក​គ្រប់គ្រាន់ ក៏​ស្រាប់ តែ​ភ្ញៀវ​ជិត​ឆ្ងាយ​ទៅលេង​កម្សាន្ត​យ៉ាង​ច្រើន​ជា​រៀងរាល់ថ្ងៃ ប្រៀប​បាន​ទៅ​នឹង​ទី​រមណីយដ្ឋាន​ដ៏​សែន​ មនោ​រម្យ​ធ្លាប់​មានឈ្មោះ​ល្បី​មួយ ​ដែរ​។ (​ទំនប់​ត្រពាំង​បឹង ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​អំឡុង​ទសវត្ស​ទី​៧០​ និង​បាន​ខូចខាត​អំឡុង​ឆ្នាំ​១៩៩២​ ធ្វើ​ឱ្យ​ការប្រើប្រាស់​ត្រូវ​ខក ខាន​ជាច្រើន​ឆ្នាំ​តរៀងមក​៕