អភិបាលរង​ខេត្តកំពត ​ប្រាប់​ឲ្យ​មន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​ថវិកា អនុវត្ត​ការងារ​ឲ្យ​ចំ​ទិសដៅ

44

កំពត ​៖ ​អភិបាលរង​ខេត្តកំពត​ បាន​លើក​ឡើងថា​ ការងារ​ហិរញ្ញវត្ថុ​មាន​ភាព​សាំញ៉ាំ ​ដែល​តម្រូវ​ឲ្យ​មានការ​គិត ​គូរ​ច្បាស់លាស់​ខ្ពស់ ​ដោយ​ផ្អែក​ទៅលើ​បច្ចេកទេស ឬ​គោលការណ៍​លិខិត​គតិយុត្តិ​ និង​ច្បាប់​របស់​រដ្ឋ ​ឬ​ប្រទេស​នីមួយៗ​ បាន​កំណត់​ឲ្យ​អនុវត្ត ​ហើយ​មន្ត្រី​ទទួលបន្ទុក​នៅ​ថ្នាក់​ក្រុង ​និង​ស្រុក​ទាំងអស់​នៅក្នុង ​ខេត្តកំពត ​ត្រូវតែ​អនុវត្ត​ឲ្យ​មាន​តម្លាភាព ​ប្រសិទ្ធភាព​ និង​ចំ​ទិសដៅ​។

លោក ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្តកំពត ​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្ដីពី​ការងារ​ប្រព័ន្ធ គ្រប់គ្រង​ថវិកា​របស់​រដ្ឋបាល​ក្រុង​-​ស្រុក កាលពី​ថ្ងៃទី​១២ ខែតុលាម្សិល​ម៉ិ​ញនេះថា​ មន្ត្រី​ដែលមាន​តួនាទី និង​ភារកិច្ច ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ថវិកា​រដ្ឋ​បាល​សាធារណៈ​ ត្រូវ​ទាមទារ​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ នេះ​ ដើម្បី​អនុវត្ត​ឲ្យ​ចំ​គោលដៅ ​និង​មាន​ប្រសិទ្ធភាព​។

លោក​ ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ស្វែងយល់​ និង​លើក​ពី​បញ្ហា មូលហេតុ​ប្រឈម​ និង​មាន​លក្ខណៈ​ងាយស្រួល​នានា ​ក្នុង​រយៈពេល​នៃ​ការ​អនុវត្តន៍​កន្លងមក​របស់​ក្រុង ស្រុក​នីមួយៗ ​ដើម្បី​រួមគ្នា​ពិភាក្សា​ឲ្យ​បាន​ផុលផុស ​ ព្រោះ​ប្រទេស ឬ​រដ្ឋ​នីមួយៗ​អាច​រីកចម្រើន​បាន អាស្រ័យ​លើ​កត្តា​សេដ្ឋកិច្ច​រឹងមាំ ​និង​មានការ​គ្រប់គ្រង​ហ្មត់ចត់ ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ខ្ពស់​ផងដែរ​។

វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការងារ​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​របស់​រដ្ឋបាល​ក្រុង​-​ស្រុក ​មានការ​ចូលរួម​ពី មន្ត្រី​មណ្ឌល​ទីចាត់ការ​ហិរញ្ញវត្ថុ ​រតនាគារ មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ អភិបាល ​អភិបាលរងក្រុង​-​ស្រុក ប្រធាន​ការិយាល័យ​រដ្ឋ​បាល ​និង​ហិរញ្ញវត្ថុ ទីប្រឹក្សា​ និង​បុគ្គលិក​គាំទ្រ​ក្រុង​-​ស្រុក​ និង​មាន​គោល​បំណង ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​ម​ន្ត្រី​ក្រុង​-​ស្រុក ដោយ​ផ្តោត​ជាសំខាន់​លើ ១. កិច្ច​បញ្ជី​ការ​រជ្ជទេយ្យ​បុរេប្រទាន ​និង​អនុវត្ត ២. កិច្ច​បញ្ជី​ការ​រជ្ជ​ទ័យ​ចំណូល​ និង​៣. របាយការណ៍​ថវិកា និង​សំណើសុំ​ទេយ្យទាន​ប្រចាំ​ត្រី មាស​ឲ្យ​បាន​ទាន់ពេលវេលា​៕