បន្ទប់​ថែទាំ​សុខភាព​ត្រូវ​បាន​ដកហូត​លិខិតអនុញ្ញាត​ព្យាបាល​ និង​ពិនិត្យ​ជំងឺ​ខុស​បទដ្ឋាន​កំណត់

41

ស្វាយរៀង ៖ ​បន្ទប់​ថែទាំ​សុខភាព​ហួស​កម្រិត​បច្ចេកទេស​មួយ ឋិត​នៅក្នុង​ភូមិ​ពោន ឃុំ​សង្កែ​ ស្រុក​រំដួល ខេត្តស្វាយរៀង​ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ដកហូត​លិខិត​អនុញ្ញាត​ច្បាប់​លើ​សេវា​ថែទាំ​ជំងឺ​ហួស​ពី​សមត្ថភាព​។

លោក​វេជ្ជបណ្ឌិត ឈូក បណ្ឌិត សមាជិក​លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវា​សុខាភិបាល ​ខុសច្បាប់ បាន​ឲ្យដឹងកាលពីថ្ងៃទី​១២ ខែតុលា​ម្សិល​ម៉ិ​ញ​ថា ​ការចុះ​ដកហូត​លិខិត​អនុញ្ញាត​ច្បាប់​ថែទាំ​សុខភាព​មួយ​កន្លែង​នៅ​ពេល​ នេះ​ ដោយ​កន្លងមក​ពិនិត្យ​ឃើញ​ថា​បន្ទប់​ថែទាំ​សុខភាព ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ពោន ​ឃុំ​សង្កែ ស្រុក​រំដួល ​ទទួល​ពិនិត្យ ​ព្យាបាល​ជំងឺ​ និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ហួស​ពី​សមត្ថភាព ​និង​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ព្យាបាល​តែ ប៉ុណ្ណោះ ពោល​គឺ​បង្អាក់​ការងារ​បន្ទប់​ថែទាំ​សុខភាព ​ដើម្បី​ក្រសួង​ត្រួតពិនិត្យ​លើ​លិខិតអនុញ្ញាត​។

លោក​ បាន​បន្តថា បន្ទប់​ថែទាំ​សុខភាព​ដែល​ក្រសួង​ចេញ​ច្បាប់​អនុញ្ញាត​ គឺ​បន្ទប់​ថែទាំ​សុខភាព​មួយ​មានតែ​គ្រែ ​ពីរ​ទេ ​តែ​ចំពោះ​បន្ទប់​ថែទាំ​សុខភាព​នៅ​ក្នុង​ភូមិ​ពោន អនុវត្ត​ខុស​នឹង​ច្បាប់ ​ដោយ​ក្រុម​គ្រូពេទ្យ​នៅ​បន្ទប់​ថែទាំ​មួយ​នេះ​ទទួល​ពិគ្រោះ ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ហួស​ពី​ដែន​កំណត់​ ដោយ​បំពាន​លើ​ច្បាប់​ និង​ទទួល​អ្នកជំងឺ​ច្រើន ​ជាង​១០​នាក់ ​ទើប​ក្រុមការងារ​ចុះ​ដកហូត​លិខិត​អនុញ្ញាត​ច្បាប់​ និង​ព្រមាន​បញ្ឈប់ ​ក្នុង​ករណី​បន្ទប់​មួយ​នេះ​នៅតែ​បន្ត ​ទទួល​ព្យាបាល​ហួស​ពី​សមត្ថភាព ដើម្បី​បញ្ចៀស​ការ​គ្រោះ​ថា្នក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ណាមួយ​។

តាម​របាយការណ៍​ស្តីពី​សកម្មភាព​លុបបំបាត់​ឱសថ​ក្លែងក្លាយ ​និង​សេវា​សុខាភិបាល​ខុសច្បាប់ ប្រចាំ​ត្រីមាស ទី​៣ ក្រុមការងារ​ពិនិត្យ​រថយន្ត​ដឹក​ឱសថ​ចែកចាយ​ក្នុង​ខេត្ត​ចំនួន​៩​ក្រុមហ៊ុន ​ស្មើនឹង​១៥​លើក សរុប​មុខ​ឱសថ​៥៩០ មុខ រួម​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​នៅ​ឱសថ​ស្ថាន​ក្នុងស្រុក​-​ក្រុង​មួយ​ចំនួន និង​ជំរុញ​ដល់​សេវា​ថែទាំ​សុខភាព​ឲ្យ​បង្ក​ការប្រើ ​ប្រាស់​ឱសថ​ឲ្យ​ត្រឹមត្រូវ​ដើម្បី​ព្យាបាល​ប្រជាពលរដ្ឋ​បានជា​បន្តបន្ទាប់​ផងដែរ​៕