លោក Abdulhameed Muftah៖ ជន​អន្តោប្រវេសន៍​​រាប់​ពាន់​នាក់​ដែល​​ជាប់​គាំង​​នៅ​តំបន់​​ឆ្នេរ​​ក្នុង​​ប្រទេស​លីប៊ី​​ត្រូវ​ការ​​ជំនួយ​​ថ្នាំ​ពេទ្យ​​​

55

លីប៊ី៖ លោក Abdulhameed Muftah អ្នក​ទទួល​ខុស​ត្រូវ​​ជំរំ​​អន្តោប្រវេសន៍​មួយ​កន្លែង​​នៅ​ទីក្រុង​ Gharyan បាន​និយាយ​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ថា ​ជន​អន្តោប្រវេសន៍​​​រាប់​រយ​នាក់​ដែល​បាន​​ធ្វើ​បម្លាស់​ទី​​ ដោយ​​សារ​ការ​វាយប្រហារ​​មក​លើ​តំបន់​​​ឆ្នេរ​ នា​ភាគ​​ពាយព្យ​​ប្រទេស​លីប៊ី​​កំពុង​ត្រូវ​​ការ​ជំនួយ​​ថ្នាំ​ពេទ្យ​។

ក្រុម​អន្តោប្រវេសន៍​​ប្រហែល ៥៨០០​នាក់​​បាន​មក​ដល់​​​មណ្ឌល​ឃុំ​ខ្លួន​​ Al-Hamra ក្នុង​ទីក្រុង​​ Gharyan ​ស្ថិត​​ចម្ងាយ​​​ប្រហែល​ ៨០គីឡូម៉ែត្រ​​ភាគ​ខាង​ត្បូង​ទីក្រុង​​ទ្រីប៉ូលី ​​ចាប់​តាំង​ពី​​ការ​វាយប្រហារ​​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន​​នៅ​ទីក្រុង​​ឆ្នេរ​ Sabratha ដែល​ជា​តំបន់​​ឆ្នេរ​សមុទ្រ​​សម្រាប់​​ឆ្លង​កាត់​ទៅ​​កាន់​ប្រទេស​អ៊ីតាលី។ ​មនុស្ស​ប្រហែល​​ ២​ពាន់​នាក់​ត្រូវ​បាន​គេ​បញ្ជូន​​ចេញ​ពី​​ជំរំ Gharyan ​ទៅ​កាន់​មជ្ឈមណ្ឌល​ផ្សេងៗ​នៅ​ក្នុង​​ទីក្រុង​ទ្រីប៉ូលី។ ការ​ប៉ះ​ទង្គិច​​ជា​ច្រើន​​នៅ​ Sabratha បាន​​នាំ​ឲ្យ​មាន​ការ​​ដក​ក្រុម​​ប្រដាប់​អាវុធ​​មួយ​​ ដែល​​ក្រុម​នេះ​បាន​និយាយ​ថា ខ្លួន​បាន​​រារាំង​ក្រុម​អន្តោប្រវេសន៍​​មិន​ឲ្យ​ចេញ​ពី​​ Sabratha ដែល​ស្ថិត​​ក្រោម​​​សម្ពាធ​​យ៉ាង​ខ្លាំង​​ពី​ប្រទេស​អ៊ីតាលី​​ ហើយ​​កាល​ពី​មុន​តំបន់​ Sabratha ជា​កន្លែង​​​រត់​ពន្ធ​មនុស្ស​យ៉ាង​ធំ​​ សម្រាប់​ក្រុម​​ធ្វើ​ចំណាក់​ស្រុក​​មាន​បំណង​ឆ្លង​កាត់​សមុទ្រ​​មេឌីទែរ៉ាណេ។

ទីភ្នាក់ងារ​ UN បាន​ព្យាយាម​​ផ្ដល់​​ការ​គាំទ្រ​​ ដល់​ជន​​អន្តោប្រវេសន៍​​រាប់​ពាន់​នាក់​​​ភាគ​ច្រើន​​​ មក​ពី​​អនុ​តំបន់​​សាហារ៉ា​ដែល​​បាន​ជាប់​​នៅ​មួយ​កន្លែង​​នៅ​តំបន់ Sabratha ​ក្រោយ​ពេល​​មាន​ការ​វាយប្រហារ​កើត​ឡើង៕​

 

អត្ថបទ៖ រិទ្ធី