មន្ទីរពេទ្យបង្អែក​ ខេត្តស្វាយរៀង​ទទួល​បាន​អគារ​មន្ទីរពេទ្យ​ថ្មី​មួយ​ខ្នង​

44

ស្វាយរៀង​ ៖ ​កាល​ពី​ថ្ងៃទី​១២ ខែតុលា ​ម្សិល​ម៉ិ​ញនេះ​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់ ​អគារ​មន្ទីរពេទ្យ​ថ្មី​១​ខ្នង​៣​ជាន់​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ​ដែល​ជា​ជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិបាល ​ជប៉ុន​តាមរយៈ​អង្គការ​ចាយ​ការ​។

ឯកឧត្តម ហ៊ី​ដេ​ហ៊ី​សា​ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ​អគារ​មន្ទីរពេទ្យ​ថ្មី​នេះ មាន ​បំពាក់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​មានតម្លៃ​ជិត​១០​លាន​ដុល្លារ​ ដែល​ជា​​ជំនួយ ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ​ជូន​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​វា​ជា​ផ្លែផ្កា​ថ្មី​មួយទៀត​ នៃ​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​ ដែល​រាជ​រដ្ឋាភិ​បាល​ទាំង​២ ​បាន​ពូនផ្តុំ​ ឡើង​ក្នុង​វិស័យ​ការទូត​ដែល​ប្រទេស​ទាំង​ពីរ​បាន​រឹតចំណង​មិត្តភាព​ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក​។

ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ ​និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​តាមរយៈ​ឯកអគ្គ​រដ្ឋ ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​ ដែល​បាន​ឧបត្ថម្ភ​នូវ​អគារ​មន្ទីរ ​ពេទ្យ​ថ្មី និង​គ្រឿង​បរិក្ខារ ​វេជ្ជសាស្ត្រ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រជាជន​កម្ពុជា ​ជាពិសេស​ប្រជាជន​ក្នុង​ខេត្ត​ស្វាយរៀង​នាពេលនេះ​។​

ឯកឧត្តម បាន​ថ្លែងថា ​នេះ​គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត​ដែល​ប្រទេស​ជប៉ុន​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ភូមិ​ផង​ របង​ជាមួយ តាមរយៈ​ចំណងមិត្តភាព​ខាងលើ​នេះហើយ ​ទើប​ប្រទេស​ជប៉ុន​បាន​រួម​ចំណែក​ អភិវឌ្ឍ​លើ​គ្រប់​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​រូបវន្ត ​ដល់​ប្រទេស​កម្ពុជា​ដែល​រង​ការបំផ្លាញ​ក្នុង​សង្គ្រាម​កន្លងមក​។

ឯកឧត្តម ម៉ម ប៊ុនហេង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​ទទួល​បាន​អគារ​មន្ទីរពេទ្យ​ថ្មី​នេះ ត្រូវ​រួមគ្នា​ទៅ ទទួលយក​សេវា​ពិនិត្យ​ព្យាបាល​តាមរយៈ​មូលនិធិ​សមធម៌ ដើម្បី​បញ្ចៀស​ការ​រក​សេវា​ក្រៅ​ប្រទេស ពីព្រោះ​គ្រឿង​បរិក្ខារ វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​ ទំនើប​មិន​ចាញ់​មន្ទីរពេទ្យ​ប្រទេសជិតខាង ​និង​នៅ​រាជធានី​ភ្នំពេញ​នោះ ទេ ​ចាប់ពីពេលនេះ ​និង​ទៅ​ថ្ងៃ​អនាគត​។

ត​មក​ក្នុង​ថ្ងៃ​នោះដែរ ​ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រួម​និង​ប្រតិភូ​ក្រសួង បាន​ចុះ​សាកសួរ​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ចំនួន​៥​ភូមិ ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ​ដែល​ជា​តំបន់​ប្រឈម​នឹង​សារធាតុ​គ្រាប់បែក​គីមី ដែល​បន្សល់ទុក​ពី ​សង្គ្រាម​ក្នុង​ទសវត្ស​ទី​៧០​។

ក្នុង​ពិធី​សំណេះសំណាល​នោះដែរ ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រកាស​ផ្តល់​ ប៉ុស្តិ៍​ព្យាបាល​សុខភាព​មួយកន្លែង​ រួម​នឹង​ជូន​រង្វាន់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជាង​បី​ពាន់​នាក់ ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ផងដែរ​៕