ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​នៅ​ខាង​ក្រៅ​ក្បួន​បាតុកម្ម​គាំទ្រ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ក្នុង​ទីក្រុង Barcelona​

137

អេ​ស្ប៉ា​ញ៖ ​កៅអី​នៅ​ហាង​លក់​កាហ្វេ​ត្រូវ​បាន​គេ​គប់ ​ខណៈ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះឡើង​ក្នុង​ទីក្រុងបា​សេ​ឡូ​ណា​របស់​តំបន់​កាតា​ឡូ​នី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ចំ​ថ្ងៃ​ទិវា​ជាតិ​របស់​ប្រទេស​អេ​ស្ប៉ា​ញ។មនុស្ស​រាប់​ពាន់​នាក់​បាន​សម្រុកចូល​ទៅកាន់​តាម​ដង​ផ្លូវ​នានា ដោយ​ប្រើ​ថ្ងៃ​សម្រាក​បុណ្យជាតិ​អេ​ស្ប៉ា​ញជា​ឱកាស​ដើម្បី​បង្ហាញ​ការ​រួប​រួម​គ្នា ខណៈ​មាន​ភាព​តានតឹងជុំវិញឯករាជ្យ​ភាព​របស់​តំបន់​ស្វយ័ត​កាតា​ឡូ​នី។ ​បំណង​ផ្ដាច់​ខ្លួន​នៃតំបន់​សំបូរ​ទ្រព្យ​ធន់​មួយ​នេះបាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង ​និង​រុញច្រាន​ប្រទេស​អេ​ស្ប៉ា​ញ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត ចាប់​តាំង​ពីការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​ក្នុង​ឆ្នាំ​១៩៨១​មក ហើយ​ពេលនេះ​ទីក្រុង​ម៉ា​ឌ្រី​ត (Madrid) គំរាម​លុបរដ្ឋាភិបាល​កាតា​ឡូ​នី​ចោល​ បើ​សិន​តំបន់​មួយ​នេះ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នោះ។

​​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នគរបាលបានបំបែក​ពួក​បុរស​មួយ​ក្រុម បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង ​និង​យក​កៅអី​គប់​គ្នានៅ​ជិតទីលាន​ Plaza de Cataluna នៅ​ខាងក្រៅ​ក្បួន​បាតុកម្ម​គាំទ្រ​ការ​រួប​រួម​គ្នា។ ចំណែក​មូល​ហេតុ​​ពិតប្រាកដដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នេះ ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ៕
អត្ថបទ៖ សុខ​មាន