កីឡាករ​ Sam Bennett ឈ្នះ ​3​ដំណាក់កាល​ជាប់​គ្នា​​ក្នុង​ការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Turkey

39

ប្រណាំង​កង់៖ Sam Bennett នៃ​ក្រុម​ប្រណាំង Bora-Hansgrohe បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ទៀត នៅ​ពេល​ដែល​ឈ្នះ​ដំណាក់កាល​ទី​3 Tour of Turkey ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។កីឡាករ​វ័យ​ 26​ឆ្នាំ​រូប​នេះ​បាន​ប្រើ​ល្បឿន​កង់​របស់​ខ្លួន ​ក្នុង​ការ​ប្រជែង​ជាមួយ​គូប្រកួត​ដែល​បាន​ចូលរួម​ជាង​ 100​នាក់​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​ដែល​ដំណាក់​ទី​3 ​ម្សិលមិញ​មាន​ចម្ងាយ​ផ្លូវ 128.6​គីឡូ​ម៉ែត្រ​លើ​ស្ថានភាព​ផ្លូវ​រាបស្មើ Bennett មិន​ពិបាក​ក្នុង​ការ​ដណ្ដើម​យកជ័យ​ជំនះ​នោះ​ទេ ដោយ​រូបគេ​បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ទទួល​បាន​មេដាយ​មាស ហើយ​មេដាយ​ប្រាក់​កីឡាករ Edward Theuns របស់​ក្រុម Trek-Segafredo និង​មេដាយ​សំរឹទ្ធ​បាន​ទៅលើ​កីឡាករ​អ៊ីតាលី Simone Consonni សមាជិក​នៃ​ក្រុម​ប្រណាំង UAE Team Emirate ផង​ដែរ​។

​ក្រោយ​បញ្ចប់​ដំណាក់កាល​ទី​3 Sam Bennett នៅតែ​បន្ត​នាំមុខ​ក្នុង​តារាង​វេលា​រួម ដោយ​កីឡាករ​អៀរ​ឡង់​រូប​នេះ​មាន​វេលា​សរុប 13​ម៉ោង 24​នាទី 28​វិនាទី ចំណេញ 14​វិនាទី​ពីលើ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Edward Theuns ស្រប​ពេល​ដែល Simone Consonni តាម​ពីក្រោយ​អ្នក​នាំមុខ​រួម​ចំនួន 26​វិនាទី​។ ដំណាក់​កាល​ទី​4​ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ​ 135​គីឡូម៉ែត្រ​ចេញពី Mamaris ទៅកាន់​ទីប្រជុំជន Selcuk លើ​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ ហើយ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Turkey នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​ក្នុង​ដំណាក់​កាល​ទី​6 នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​៕

​អត្ថ​ប​ទៈ ឈិ​ត រតនា