ប្រធាន​អង្គការ UNESCO៖ សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​សហរដ្ឋ​អាមេរិក​

205
លោកស្រី Irina Bokova

បារាំង៖ ​អគ្គនាយក​អង្គការ UNESCO លោកស្រី Irina Bokova បាន​និយាយកាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា លោក​ស្រី​​សោកស្ដាយ​ដែល​សហរដ្ឋអាមេរិក​ ប្រកាស​ដក​ខ្លួន​ចេញពី​ទីភ្នាក់ងារ​វប្បធម៌ ​និង​ការអប់រំ​របស់​អង្គការ​សហប្រជាជាតិ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ការ​សំរេច​ចិត្ត​នេះ​គឺ​ផ្អែកលើ​ការ​ព្រួយ​បារម្ភ ​អំពី​ការ​បំពេញ​កាតព្វកិច្ច​មិនទាន់​ដែល​ជា​តម្រូវ​ការ​នៃ​ការ​កំណែទម្រង់​ និង​អ្វី​ដែល​លោកស្រី​បាន​និយាយ​ថា​ ជា​ការ​បន្ត​គោលការណ៍​អនុវត្តន៍​លំអៀង​ប្រឆាំង​នឹង​អ៊ីស្រាអែល។ ​លោកស្រី​ បូ​កូ​វ៉ា​ លើក​ឡើង​ថា អង្គការ UNESCO ត្រូវការ​សហរដ្ឋ​អាមេរិក ដែលជា​សមាជិក​ស្ថាបនិក​មួយ​ស្ថិត​ក្នុង​ជួរ​គណៈកម្មាធិការ​នាយក ​ក្នុង​ការ​អនុវត្តន៍​តាម​សិទ្ធិ​អំណាច​ដ៏​ពេញលេញ​របស់​ខ្លួន​ ចាប់​ពី​ការ​លើក​កម្ពស់​វិស័យ​អប់រំ​រហូតដល់​ការ​លុប​បំបាត់​ភាព​ក្រីក្រ​។

នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែ​លលោក បេន​ចា​មីន ណេ​តាន​យ៉ា​ហ៊ូ

ការ​ដក​ខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិកដែល​ជា​ប្រទេស​តែង​ផ្ដល់​ថវិកា​ ១​ភាគ​៥ នៃ​ការ​ផ្គត់ផ្គង់​របស់​អង្គការ UNESCO គឺជា​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អង្គការ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ និង​មាន​បុគ្គលិក​បម្រើការ​ប្រហែល ២០០០​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​ដែល​បាន​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៤៦ និង​ត្រូវ​បាន​គេ​ស្គាល់​សម្រាប់​ការ​ដាក់បញ្ចូល​ តំបន់​បេតិកភណ្ឌ​ពិភពលោកដូចជា ទីក្រុងបុរាណផាល​មី​រ៉ាក្នុង​ប្រទេស​ស៊ី​រី, ទី​សក្ការៈ​បូជា​សាសនានានា​ក្នុង​ទីក្រុង​ទី​ម​ប៊ូ​គ​ទូ ​ប្រទេស​ម៉ាលី និង​ឧទ្យាន​ជាតិ​គ្រែ​ន​ខេន​យ៉ិ​នក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋ​អាមេរិក​ជាដើម​។

​​ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​ដក​ខ្លួន​របស់​អាមេរិក​​ចេញពី​អង្គការ​នេះ​ ​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែ​លលោក បេន​ចា​មីន ណេ​តាន​យ៉ា​ហ៊ូ បាន​សរសេរ​លើ​គណនី​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​ការបរទេស​របស់​លោក ត្រៀម​ដក​អ៊ីស្រាអែល​ចេញពី​អង្គការ​នេះ​ដែរ ដើម្បី​ឲ្យ​ស្រប​ជាមួយ​សហរដ្ឋអាមេរិក៕
​អត្ថបទ៖ សុខ​មាន