រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា ​កិត្តិនាម​របស់​កម្ពុជា​នឹង​កាន់តែ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​

46

ភ្នំពេញ៖ ខណៈ​ដែល​ក្រុមយុវជន​របស់​កម្ពុជា​នឹង​ត្រូវ​ចូលរួម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤​នា​ថ្ងៃ​ខាងមុខនេះ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម​រំពឹង​ទុក​ថា កិត្តិនាម​ប្រទេស​កម្ពុជា នឹង​កាន់តែ ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ ក្រោម​កិច្ចសហការ​ល្អ ជាមួយ​យុវជន​ជប៉ុន និង​យុវជន​មកពី​បណ្តា​ប្រទេស សមាជិក​អាស៊ាន​។​

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ​ចូល​ជួប​សម្តែង​ការគួរសម នា​រសៀល​ថ្ងៃទី​១២ តុលា ឆ្នាំ​២០១៧​កន្លងទៅ នៅ​ទី​ស្តី​ក្រសួង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រតិភូ​យុវជន សូម​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​នៃ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​របស់​ជាតិ ព្រមទាំង​ស្ថានភាព​ពិត​របស់​ប្រទេស និង​សមិទ្ធ​ផល​សំខាន់ៗ​របស់​រដ្ឋាភិបាល ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​។

ឯកឧត្តម​បាន​បន្តថា លើសពីនេះ ប្រតិភូ យុវជន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​អត្ត​ច​រិ​ក​ថ្លៃថ្នូរ​សមជា​យុវជន​តំណាង​ឲ្យ​កម្ពុជា ដើម្បី​រឹត ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហការ​ល្អ ជាមួយ​យុវជន​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ប្រាប់​ដល់​ប្រតិភូ​យុវជន​កម្ពុជា​ដឹង​អំពី​ការងារ​ក្រសួងពាណិជ្ជកម្ម​បាននិងកំពុង​ធ្វើ ដូចជា​ការចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ជាមួយ​ថ្នាក់​តំបន់​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​ចំនួន​៦​ទៀត និង​ជួយ​សម្របសម្រួល​ការចង​ក្រង​សមាគម​ម្រេច​កំពត សមាគម​ស្ករត្នោត​កំពង់ស្ពឺ សមាគម​ដំឡូង​មី​។​ល​។

កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែតុលា ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​មិត្តភាព និង​បង្កើន​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​យុវជន​ជប៉ុន យុវជន​មកពី​ប្រទេស​អាស៊ាន ដើម្បី​ធ្វើយ៉ាងណា​ពង្រីក​នូវ​ចំណេះដឹង ជុំវិញ​ពិភពលោក និង​ពង្រឹងស្មារតី​នៃ​កិច្ចសហការ​ជា​អន្តរជាតិ និង​ជំនាញ​នៃ​ការអនុវត្ត​ការងារ​ជាក់ស្តែង​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕