កិច្ចសន្យាការងារ​កម្ម​ករ​និយោជិក​ទទួល​បាន​ប្រាក់​បន្ថែម ៥​ភាគរយ​

30

ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ ជី​ម៉ាក់ (GMAC) បាន​ឲ្យ​ដឹងថា ក្រោយ​បញ្ចប់​កិច្ចសន្យាការងារ របស់​កម្មករ​និយោជិក នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​៥​ភាគរយ នៃ​ប្រាក់​ឈ្នួល​សរុប​ពី​ន​យោជក​របស់​ខ្លួន​។​

មាន​ប្រសាសន៍ប្រាប់​​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចសន្យាការងារ​មាន ពីរ​ប្រភេទ ១.​កិច្ចសន្យា​ដែល​មាន​ថេរវេលា​កំណត់ និង​២​កិច្ចសន្យា​ដែល​មាន​ថេរវេលា​មិន​កំណត់​។ សម្រាប់​កិច្ចសន្យា​ទាំងពីរ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ដូចគ្នា​នៅ​ក្នុង​វិស័យ​កាត់ដេរ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា នៅពេល​បញ្ចប់​កិច្ចសន្យា​ជាទូទៅ​និយោជក​ត្រូវ​ជូនដំណឹង​ដល់​កម្មករនិយោជិក​ថា​ត្រូវ​បន្ត ឬ​បញ្ឈប់ ដែល​នេះ​ជា​កាតព្វកិច្ច​តម្រូវ​នៃ​ច្បាប់​។ ប៉ុន្តែ​ករណី​និយោជក​មិនបាន​ជូនដំណឹង​ទេ បាន​ន័យថា ​កិច្ចសន្យាការងារ​នេះ​ត្រូវ​បន្ត​ដោយ​ស្វ័យប្រវត្តិ​តាម​ថេរវេលា​ដើម​នៃ​កិច្ចសន្យា​។ ឧទាហរណ៍​ថា ថេរវេលា​ដើម​នៃ​កិច្ចសន្យាការងារ មាន​រយៈពេល​៦​ខែ អញ្ចឹង​ប្រសិនជា​គ្មាន​ការ​ជូនដំណឹង កម្មករ និយោជិក​នឹង​អាច​បន្តការងារ​ដោយ​ស្វ័យប្រវត្តិ​។

​​លោក​កាំ​ង ម៉ូ​នី​កា ​បាន​បន្ត​លើក​ឡើងថា កិច្ចសន្យា​ខ្លី វែង ឬ​កិច្ចសន្យា​ដែល​មាន​ថេរវេលា​មិន​កំណត់​យ៉ាងណា​នោះ ពេលខ្លះ​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​គ្រឹះស្ថាន​សហគ្រាស​មួយៗ​។​ដោយឡែក​កិច្ចសន្យា ដែល​មាន​ថេរវេលា​មិន​កំណត់ ក៏​ផ្តល់​ឲ្យ​នូវ​សុវត្ថិភាព​ការងារ​រយៈពេល​យូរ​វែង​សម្រាប់​បងប្អូន​កម្មករ និយោជិក​ផងដែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​មិនមែន​រាល់ពេល​កិច្ចសន្យា​ខ្លី​សុទ្ធតែ​មិនល្អ នោះទេ ពីព្រោះ​ពួកគេ​នៅតែ​ស្ថិតនៅក្រោម​ការការពារ នៃ​ច្បាប់​ដូចគ្នា​ទាំងអស់​ដែលមាន​កាតព្វកិច្ច​ដែល​និយោជក​ត្រូវ​អនុវត្តន៍​នៅក្រោម​ច្បាប់​ការងារ​៕