ក្រុមហ៊ុន Brands Alliance​ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​

28

ភ្នំពេញ៖ ក្រុមហ៊ុន​Brands Alliance បាន​ឈាន​ជើង​មកកាន់​ទីផ្សារ​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សក្តានុពល​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា​។​

អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​Brands Alliance លោក Hasel Hu បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន​របស់ខ្លួន​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា​«​នៅក្នុង​អាជីវកម្ម​ទាំងអស់ ក្រៅពី​គុណភាព​ផលិតផល និង​សេវាកម្ម​នៅមាន​គន្លឹះ​ដ៏​សំខាន់​មួយទៀត​នោះ​គឺ កិត្តិនាម​នៃ​និមិត្តសញ្ញា ព្រោះ​វា​ជា​កត្តា​កំនត់​ទីតាំង​ឈរជើង​នៃ​អាជីវកម្ម​របស់​អ្នក​ក្នុង​ទីផ្សារ ដែល​ពោ​ពេញ​ដោយ​ការប្រកួតប្រជែង​ជានិច្ច​។

ប្រសិនបើ​អ្នកកំណត់​ទីតាំង​របស់​ខ្លួន​បាន​ត្រឹមត្រូវ អ្នកនឹង​អាច​ក្លាយជា​អ្នកដឹកនាំ ឬ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ទាំងនោះ​។ មូលហេតុ​នេះហើយ​ទើប Brands Alliance មាន​វត្តមាន​នៅទីនេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​សហគ្រាស​ទាំងអស់​រីកចម្រើន​ជាមួយគ្នា​»​។​

​​​លោក​បន្តថា សហគ្រាស​ដែល​ទើបតែ​សម្ពោធ​ជា​ផ្លូវការ​នេះ មាន​គោលបំណង​ក្លាយខ្លួនជា​ផ្នែក​មួយ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​នាំមក​នូវ​បណ្តាញ​អាជីវកម្ម​ដ៏​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព ក៏ដូចជា​បញ្ចូល​អាជីវកម្ម និង​សហគ្រិន​នានា ឲ្យ​ក្លាយជា​ចង្កោម​តែមួយ ក្នុង​គោលដៅ​កសាង​គុណ​តម្លៃ ការទទួលស្គាល់ ព្រមទាំង​ការច្នៃប្រឌិត ស្របទៅតាម​បរិបទ​នៃ​កាលានុវត្តភាព​អាជីវកម្ម​។​

អ្នកដឹកនាំ និង​គ្រប់គ្រង​អាជីវកម្ម មកពី​បណ្តា​ប្រទេស​ជាច្រើន ដូចជា សឹង្ហ​បុរី តៃវ៉ាន់ ម៉ាឡេស៊ី ជប៉ុន ថៃ និង​ប្រទេស​ចិន​បាន​ចូលរួម​ពិធី​នេះ ហើយ​ពួកគេ​នឹង​ក្លាយជា​ដៃគូ​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​អាជីវកម្ម​របស់ Brans Alliance នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

តាមរយ​:​ការរួមបញ្ចូល​គ្នា​រវាង​បណ្តាញ​ដ៏​សកម្ម និង​ការគាំទ្រ​ពី​សហគ្រាស​ឈានមុខ​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​នឹង​អាច​ផ្តល់​ដល់​នូវ​តម្រូវការ​គ្រប់យ៉ាង​ដែល​អាជីវកម្ម​ក្នុងស្រុក​កំពុង​ត្រូវការ ព្រមទាំង​ដើម្បី​រួមចំណែក​លើកតម្កើង​ទីផ្សារ និង​នាំមក​នូវ​បទពិសោធន៍​ថ្មីៗ​ដល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​៕