រដ្ឋមន្ត្រី​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ឧទ្យាន​ជាតិ

82

កំពត៖ ប្រតិភូ​ជាន់ខ្ពស់​ក្រសួង ឯកឧត្តម សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​គណៈ ប្រតិភូ​អន្តរក្រសួង​ត្រួត ពិនិត្យ​ការងារ​គ្រប់គ្រង និង​អភរិក្ស​ឧទ្យានជាតិ​ព្រះមុនីវង្ស “​បូកគោ​” និង​ត្រួតពិនិត្យ​នូវ​វឌ្ឍនភាព នៃ​ការអនុវត្ត​គ្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ របស់​ក្រុមហ៊ុន​សុខាអូតែល ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​“​បូកគោ​”​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ព្រះសីហនុ​។​

​​​បន្ទាប់ពី​ពិនិត្យ​នូវ​ទីតាំង​ខាងលើ ឯកឧត្តម​ សាយ សំ​អាល់ ​មិនបាន​មានប្រសាសន៍​អ្វី​នៅឡើយ​ទេ។​ ​​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” គឺជា​តំបន់​មាន​សក្តានុពល​បែប​ធនធានធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃក្រឡា ១៥៤.៤៥៨ ហិកតា​ដែល​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​បី គឺ​ខេត្តកំពត កំពង់ស្ពឺ និង​ព្រះសីហនុ​។

បច្ចុប្បន្ន​សក្ដានុពល​ក្នុង​ឧទ្យាន​ជាតិ​មាន​ជាច្រើន​កន្លែង រួមមាន​ទី​១ រមណីយដ្ឋាន​បូកគោ​(​តំបន់​ទេសភាព ស្រែ ៥០០ ស្រែ​១០០ ទឹកធ្លាក់​ពពក​វិល កាស៊ីណូ​ចាស់ ព​វាំង​កូន ចំការ​តែ ទំនប់ទឹក​លើ​កំពូលភ្នំ និង​វត្ត​សំពៅ​៥) ទី​២. តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ត្នោត ទី​៣. រមណីយដ្ឋាន​ទឹកឈូ ទី​៤. រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា ទី​៥. ទំនប់​វា​រី​អគ្គិសនី​កំចាយ និង​ទី​៦. ទឹកធ្លាក់​៩​ជាន់​ជាដើម​។​

តំបន់​សក្ដានុពល​ទាំងនេះ នៅ​មិនទាន់​រាប់បញ្ចូល​តំបន់​សក្តានុពល ដែល​ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ​បង្កើត​មួយចំនួនទៀត​ដែល​សុទ្ធសឹង​ជា​តំបន់​ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និង​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​៕