អគ្គនាយក​កាំកុងត្រូល​ចុះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ការ​លក់​គ្រឿងអលង្ការ​ក្រ​ឡៃ

45

ភ្នំពេញ ៖ ​​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ដឹកនាំ​ដោយ ​លោក​ គឹម​ មាស​សុខ​សីហា​ បាន​ចុះ​ផ្សព្វផ្សាយ​ ពី​នីតិវិធី​ទំនិញ និង​ការ​ប្រកប​អាជីវកម្ម​លក់​លោហធាតុ ​ត្បូង​ ថ្ម គ្រឿងអលង្ការ ​គ្រឿង​កាឡៃ ​និង​វត្ថុ​អនុស្សាវរីយ៍​ដល់​អាជីវករ​ផ្សារ​ចំនួន​បី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី ​ភ្នំពេញ​។

លោក គឹម មាស​សុខ​សីហា​ បាន​ឲ្យ​ដឹង​ក្នុង​ពេល​ចុះ​ផ្សព្វផ្សាយ​ដល់​អាជីវករ​នៅ​ផ្សារ​ជម្ពូរ​វ័​ន្ត ​ផ្សារ​ពោធិចិនតុង និង​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​ កាលពីថ្ងៃទី​១២ ខែតុលា ​ម្សិល​ម៉ិ​ញ​ថា ​ការ​ចុះ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ការពារ ​ការ​លក់ទំនិញ​ក្លែងបន្លំ ​ដល់​ភ្ញៀវទេសចរ​ទាំង​ជាតិ ​និង​បរទេស​ដែល​ជា​កត្តា​នាំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ប្រទេសជាតិ​ជាដើម​នោះ​។

លោក ​បន្តថា យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ឆ្លង​តប​ឲ្យ​ទាន់​ពេលវេលា ​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ធុរជន និង​អ្នកប្រើប្រាស់ ជាពិសេស ​ដើម្បី​លើកកម្ពស់​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​អាជីវកម្ម ​និង​ការពារ​ផលប្រយោជន៍​ដល់​អតិថិ​ជនជាតិ​ និង​អន្តរជាតិ​ហើយក៏​ដើម្បី​ទប់ស្កាត់​ការ​លក់​លោហធាតុ ត្បូង ថ្ម​គ្រឿងអលង្ការ គ្រឿង​កាឡៃ​ និង​វត្ថុ​អនុស្សាវរីយ៍​ក្លែងបន្លំ​នៅ​កម្ពុជា​ផង​ដែរ​។

ជាមួយគ្នា​នោះដែរ​លោក គឹម មាស​សុខ​សីហា​ បាន​ឲ្យ​ដឹង​ទៀតថា ​ក្រសួងពាណិជ្ជកម្ម ​បាន​ធ្វើ​ការ​ណែនាំ​ជា​ញឹកញាប់​ចំពោះ​អាជីវករ ឬ​ពាណិជ្ជករ​ទាំងអស់​ត្រូវ​ប្រកាន់​ភាព​ស្មោះត្រង់ ​ក្នុង​ការ​ធ្វើ​សកម្មភាព​អាជីវកម្ម​លក់ដូរ​ចែកចាយ​ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម លោហធាតុ ត្បូង ថ្ម គ្រឿង​អលង្ការ ​គ្រឿង​កាឡៃ វត្ថុ​អនុស្សាវរីយ៍ ត្រូវ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ ច្បាស់លាស់​ជូន អ្នកប្រើប្រាស់ និង​ចេញ​វិក្កយបត្រ ​ឲ្យ​បាន​ច្បាស់​លាស់​ផងដែរ​។

តាម​អគ្គនាយករង​ដដែល​ បាន​បន្តទៀតថា ​ចំពោះ​អ្នកប្រើប្រាស់​វិញ ​ក៏​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ការទិញ​ទំនិញ ​ហើយ​មុននឹង​ទិញ​ប្រភេទ​ទំនិញ​ទាំងនេះ ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ ​និង​ស្នើសុំ​វិក្កយបត្រ ​ទិញ​-​លក់​ពី​អាជីវករ​។​ជាង​នេះ​ទៅ​ទៀត​រាល់​អាជីវករ ​ពាណិជ្ជករ​ ដែល​ប្រកប​អាជីវកម្ម​លោហធាតុ ត្បូង ថ្ម គ្រឿង អលង្ការ គ្រឿង​កាឡៃ ​វត្ថុ​អនុស្សាវរីយ៍​ត្រូវ​បិទ​ស្លាក​ថ្លៃ ​លើ​គ្រឿងអលង្ការ ​ត្បូងថ្ម មានតម្លៃ ​និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​ផងដែរ​៕