កម្ពុជា​-​កូរ៉េ​ គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​២​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០

46

ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​កូរ៉េ​ មក​បណ្តាក់​ទុន ​នៅ​កម្ពុជា ​ឲ្យ​កាន់តែច្រើន ​ដើម្បី​ជំរុញ ​ឲ្យ​បានសម្រេច​តាម​ការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម ​នៅក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២​ពាន់​ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២០ ​នឹង​ឲ្យ​ស្របតាម​ការ​ប្តេជ្ញាចិត្ត ​នៃ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។

ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បាន​ថ្លែង ​ក្នុង​ពិធី​ផ្លូវការ​ចុះហត្ថលេខា​ លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​កម្ពុជា ​ជាមួយ​សួន​បច្ចេកវិទ្យា​ Jeonbuk Technopark ​ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ លោក Kang Shin Jae ប្រធាន​សួន​បច្ចេកវិទ្យា​ Jeonbuk Technopark ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពីថ្ងៃទី​១២ ខែតុលា ​ម្សិល​ម៉ិ​ញ​ថា ​ការចុះហត្ថលេខា​ លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​ គឺជា​ការ​រំលឹក​ពី​ប្រវត្តិសាស្ត្រ​យូរលង់ ក្នុង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ ​នឹង​មាន​គោលបំណង​ពង្រឹង កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ​នវានុវត្តន៍ និង​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​បន្ថែមទៀត ​រវាង​ប្រទេស​ទាំងពីរ ​ព្រោះ​ផ្នែក​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា ​គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឲ្យ​ស្របតាម​ស្តង់ដារ​។

ផ្អែកលើ​សក្តានុពល​វិស័យ​ឧស្សាហ​កម្មនេះ ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ​ក៏បាន​អំពាវនាវ​តាមរយៈ លោក Kang Shin Jae ជួយ​ជំរុញ​ដល់​អ្នក​វិនិយោគ​របស់​ប្រទេស​កូរ៉េ ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា បាន​កាន់​តែ​ច្រើនឡើង​ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បានការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម ​នៅក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ​តាម​ការប្តេជ្ញាចិត្ត​ខ្ពស់ ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

នៅក្នុង​ជំនួប​នព​ដែរ ឯកឧត្តម ​ហេង សុខ​គង់ ​ក៏បាន​លើកឡើង​ពី​ទីតាំង​លក្ខណៈ​ភូមិសាស្ត្រ​របស់​កម្ពុជា ដែល​មាន​ភាព​អនុគ្រោះ​សព្វបែបយ៉ាង និង​សំបូរ​ធនធានធម្មជាតិ បរិយាកាស​វិនិយោគ​ល្អប្រសើរ ​មាន​កំ​លាំង​ពលកម្ម សមស្រប និង​ភាព​អនុគ្រោះ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ក្នុងការ​នាំចេញ​ផលិតផល​ទៅ​ក្រៅ​ប្រទេស​ផងដែរ​។

នៅក្នុង​កិច្ច​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា ​រវាង​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​កម្ពុជា ជាមួយ​សួន​បច្ចេកវិទ្យា ​Jeonbuk Technopark នេះ ​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា​ក្នុងការ​ផ្តល់​សារៈសំខាន់ ចំពោះ​កិច្ច​ពង្រឹង​ការ​វិនិយោគ ​និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ​ផ្នែក​ផលិត​សម្ភារៈ​មាន​ដូចជា ​៖ ផ្នែក IT គ្រឿង​អេ​ឡិច​ត្រូ​និ​ច ​ម៉ាស៊ីន ត្រជាក់ វិស័យ​ទឹក​ស្អាត ​និង​ថាមពល​កកើត​ឡើងវិញ​ផងដែរ​៕