តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ខ្ពស់​ស្របពេល​លំហូរ​វិនិយោគ​កើនឡើង​

35

ភ្នំពេញ៖ ​កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស បានធ្វើ​ឲ្យ​តម្លៃ​ដី និង​ទីផ្សារ​ឧស្សាហកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​ហក់​ឡើង​យ៉ាងខ្ពស់ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៧​នេះ​។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន អចលនទ្រព្យ​លំដាប់​អន្តរជាតិ​CBRE Cambodia​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សប្តាហ៍​នេះ​ថា តម្លៃ​ដី​ក្នុង​តំបន់​ឆ្នេរ​មានតម្លៃ​ក្នុង​ទីផ្សារ​ចាប់ពី​៤៥០​ដុល្លារ​អាមេរិក ទៅ ២ ៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​តំបន់​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​នោះ គឺ​ស្ថិត​ក្នុង​តំបន់​ក្បែរ​ឆ្នេរ​អូ​ឈើទាល ដែល​តម្លៃ​របស់​វា​កើនឡើង​សឹងតែ​ទ្វេ​រដង បើ​ប្រៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ ២០១៦​។ ចំណែកឯ​ដី​ដែលមាន​តម្លៃ​ទាប​ជាងគេ​នោះ គឺ​ស្ថិតក្នុង​តំបន់ឆ្នេរ​អូ​ត្រេះ​។​

ចំពោះ​តម្លៃ​ដី​ក្នុង​ក្រុង​វិញ វា​មានតម្លៃ​ចន្លោះ​ពី​២០០​ដុល្លារ​ទៅ​៧៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ ហើយ​ដី​លំនៅដ្ឋាន​វិញ​មានតម្លៃ​ចាប់ពី ១២០​ដុល្លារ​អាមេរិក ដល់​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ​។

ការសិក្សា​ដដែល​បាន​រកឃើញថា ការ​ហក់​ឡើង​នូវ​តម្លៃ​ដី​នេះ​ត្រូវបាន​គេ​មើលឃើញថា ដោយសារតែ​ការកើនឡើង​ឡើង​នូវ​លំហូរ​វិនិយោគ​វិនិយោគ​ផ្ទាល់​ទាំង​ក្នុងស្រុក និង​មកពី​ក្រៅប្រទេស ដែល​ការវិនិយោគ​បាន​ផ្តោតលើ​ផ្នែក​បដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោង​លំនៅស្ថាន និង​ការកើនឡើង​នូវ​ចំនួន​រោងចក្រ​ដោយ​ផ្ដោត​សំខាន់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទំហំ​ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់​៣១០​លាន​ដុល្លារ​។​

ទន្ទឹមនឹង​មានការ​កើនឡើង​នូវ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ទីផ្សារ​ឧស្សាហកម្ម​ក្នុង​ខេត្ត​ក៏​មានការ​ឈានមុខ​ខ្លាំង​ផងដែរ​។ ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​ទីតាំង​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន និង​ជា​ខេត្ត​ដែលមាន​ឧស្សាហកម្ម​ធំជាងគេ​បំផុត​ក្នុង​កម្ពុជា ហើយ​ជា​ខេត្ត​មួយ​ស្ថិតនៅក្នុង​គំនិត​ផ្លូវ​ផ្តួចផ្តើម គោលនយោបាយ​ផ្លួ​វ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន​។​

កត្តា​ដែល​ដែល​ជំរុញ​កំនើន​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ ដោយសារ​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម ដែល​បណ្ដាលមកពី​ការតភ្ជាប់​ដោយផ្ទាល់​ពី​ផែ​សមុទ្រ​ទឹក​ជ្រៅ គោលនយោបាយ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ដែល​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ សហគ្រាស​១៣០ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់​។​

​ ​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែងថា តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​យ៉ាងខ្លាំង និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហេតុនេះ​អ្នកមាន​ដីធ្លី​សម្រាប់​លក់ គួរ​លក់​ឲ្យ​ហើយ​ទៅ នៅពេល​មាន​តម្រូវការ និង​កំនើន​ខ្ពស់​បែបនេះ​។​លោក​បន្តថា វា​ជា​ឳ​កាស​ល្អ​សម្រាប់​អ្នកមាន​ដី សម្រាប់​លក់ ខណៈដែល​ចរន្ត​នៃ​ការវិនិយោគ​ក្នុង​ខេត្ត​នេះ​កំពុង​កើនឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕