កូរ៉េ​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​មក​កម្ពុជា​ ឲ្យ​បាន​១​ពាន់​លាន​ដុល្លារ

130

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ ​ប្ដេជ្ញា​ខិតខំ​ពង្រឹង​កិច្ច ​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ នឹង​ពង្រីក​លើ​ការ​វិនិយោគ​ឲ្យ​មាន​កាន់​តែច្រើន​វិស័យ​បន្ថែមទៀត ​ដើម្បី​បង្កើន​ការធ្វើ ​ពាណិជ្ជកម្ម​របស់​កូរ៉េ​-​កម្ពុជា​ ឲ្យ​ឈាន​ដល់​ទំហំ​១​ពាន់​លាន​ដុល្លារ​អាមេរិក នា​ឆ្នាំ​ខាងមុខ​។

ឯកឧត្តម ​Chan byoung Wan ប្រធាន​គណៈកម្មាធិការ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម ​ថាមពល​ សហគ្រាស ​ធុន​តូច ​និង​មធ្យម​ និង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ ​បាន​ថ្លែង​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ ការងារ​ជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​នៅ​ទីក្រុង​សេ​អ៊ូ​ល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នេះ​ថា ​ទំនាក់ទំនង និ​ង​កិច្ច​សហប្រតិបត្តិការ​កូរ៉េ និង​កម្ពុជា​ជា​ទំនាក់ទំនង​ដ៏​ល្អ ក្នុង​នោះ​កម្ពុជា​-​កូរ៉េ ​នឹង​ខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ថែមទៀត ដើម្បី​ជំរុញ​ការ​វិនិយោគ​ឲ្យ​កាន់​តែ​មាន​ច្រើន​វិស័យ​ដូចជា ថាមពល​កកើត​ឡើងវិញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហការ​លើ​ជំនាញ​បច្ចេកទេស ​ការបង្កើត​សួន ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាពិសេស​ការ​អភិវឌ្ឍ​​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគី​កូរ៉េ​បាន​ចាត់ទុក ជា​អាទិភាព​សម្រាប់​គាំទ្រ​ឧស្សាហកម្ម​ធុន​ស្រាល​ និង​ធ្ងន់ និង​ជា​សរសៃឈាម​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ផងដែរ ។

ពាក់ព័ន្ធ​នឹង​ការ​បង្កើន​វិនិយោគទុន ដែល​គ្រោង​ជំរុញ ​ឲ្យ​មាន​ជាច្រើន​វិស័យ​បន្ថែមទៀត ​រវាង​កម្ពុជា​-​កូរ៉េ គឺធ្វើ​ឡើង​ក្នុង​ន័យ​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ កូរ៉េ​មក​កម្ពុជា​ ឲ្យ​មាន​ទំហំ​ឈាន​ឡើង​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក ​នា​ឆ្នាំ​ខាងមុខ ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម និង​ជា​ប្រធាន ​ដឹកនាំ​ប្រតិភូ ​ក៏បាន​លើកឡើង​ពី​លក្ខណៈ​អំណោយផល​ និង​ឱកាស​វិនិយោគ​ដ៏​ប្រសើរ​នៅ​កម្ពុជា ​ដោយ​កម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញលេញ និង​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម ជាពិសេស​ការ​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ​ និង​ជា​ប្រទេស​ដៃគូ ជាច្រើន ដែល​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា នាំចេញ​ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា រួមទាំង​នាំចេញ​ទៅ ប្រទេស​កូរ៉េ​ផងដែរ​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ធ្វើការ​កត់សំគាល់​ពី​កំណើន​ទេសចរណ៍​របស់​ភ្ញៀវ​ជនជាតិ​កូរ៉េ​មក​កម្ពុជា ​មានការ​កើនឡើង ​ក្នុងនោះ​ឆ្នាំ​២០១៦​ កន្លងមក​ភ្ញៀវ​ជនជាតិ​កូរ៉េ​មាន​ចំនួន​៤​សែន​នាក់​ ដែល​ធ្វើ​ឲ្យ​ជើង​ហោះហើរ​ដោយផ្ទាល់ ​ពី​កូរ៉េ​មក​កម្ពុជា​ មាន​ចំនួន​៣៥​ជើង​ក្នុង​មួ​យ​សប្តាហ៍​។ ​ដោយឡែក​ពលករ​កម្ពុ​ជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​ប្រមាណ​ជិត​៨​ម៉ឺន​នាក់ ​អាច​ចាត់ទុកជា​សក្តានុពល​មួយ ពីព្រោះ​ពួកគេ​ បាន​ទទួល​បទពិសោធន៍ ​ចំណេះដឹង ​និង​ការ​អនុវត្តន៍​ដោយ ផ្ទាល់ នឹង​ក្លាយ​ជា​កំលាំង​ចូលរួម​យ៉ាង​សំខាន់ ​ក្រោយ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​ នឹង​អាច​ចូលរួម​បម្រើ​ការងារ ​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​បាន ​នា​ពេល​អនាគត​បន្តបន្ទាប់​ផងដែរ​។

ការ​វិនិយោគ​របស់​កូរ៉េ​មក​កម្ពុជា ​លើ​វិស័យ​ផលិត​សំលៀកបំពាក់ និង​ដំឡើង​រថយន្ត (Hyundai) កន្លងមក​មាន​ទំហំ​ទឹកប្រាក់ ​កើន​ឡើង​ដល់​ចំនួន​៦០០​លាន​ដុល្លារ​អាមេរិក​ផងដែរ​៕