កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ ខា​ណុន​

39

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​ទទួលរង​ប្រព័ន្ធ​សម្ពាធ​ទាប ពី​ឥទ្ធិពល​ពី​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ ខា​ណុន ដែល​នឹង​ចាប់ពី​ថ្ងៃទី​១៥ តុលា ដល់​ថ្ងៃទី១៩​តុលា​ខាងមុខនេះ​។​

យោងតាម​សេចក្ដីជូនដំណឹង​ពី ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី ១៣​តុលា​នេះ​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី ២០ ឈ្មោះ ខា​ណុន​ដែល​នឹង​បង្ករ​ឲ្យ​តំបន់​ទំនាប ខ្ពង់រាប និង​តំបន់ភ្នំ​ទទួលរង​ឥទ្ធិពល​។

ឥទ្ធិពល​របស់​ព្យុះ​នេះ នឹង​គ្របដណ្តប់​លើ​រាជធានី ខេត្ត​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តក្រចេះ​។ តំបន់​ទំនាប និង​ខ្ពង់​រាបនឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បង្គួរ​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី ១៧​ដល់​ថ្ងៃទី ១៩​តុលា​ខាងមុខ​។

ឯ​ខេត្ត​មួយចំនួនទៀត​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ ការធ្លាក់​ភ្លៀង​នេះ​អាច​នឹង​បង្ក ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ជាច្រើន​កន្លែង​។​ចំណែកឯ​តំបន់​មាត់សមុទ្រ​វិញ ក៏​ទទួលរង​ឥទ្ធិពល​ផងដែរ​ដោយ​ផ្ទៃមេឃ​នឹង​ចាប់ផ្ដើម​អាប់អួរ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​បក់បោក​ខ្លាំង​លាយឡំ​ជាមួយ​រលក​សមុទ្រ​ខ្ពស់ៗ​។​

បច្ចុប្បន្ន​ព្យុះ​ខា​ណុង​នឹង​រំកិល​ចូល​ម​ក្នុង​ឈូង​សមុទ្រ តុងកឹង​របស់​វៀតណាម និង​បន្តដំណើរ​មក​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​នៅ​ថ្ងៃទី ១៧​តុលា​ខាងមុខនេះ​។​

ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ក៏បាន​ស្នើសុំ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​ជាពិសេស​ប្រជា​នេសាទ រីឯ​អ្នកធ្វើដំណើរ​តាម​សមុទ្រ​បង្កើន​ភាព​ប្រុងប្រយ័ត្ន​ឲ្យ​បាន​កាន់តែ​ខ្ពស់​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​៕