មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ក្នុង​ទីក្រុង Barcelona ខណៈ​វិបត្តិ​នយោបាយ​នៅ​អេ​ស្ប៉ា​ញ​ផុង​កាន់​តែ​ជ្រៅ

72

អេ​ស្ប៉ា​ញ៖ ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ទៅកាន់​តាម​ដង​ផ្លូវ​នានា​នៃទីក្រុង Barcelona កាលពី​រាត្រីថ្ងៃ​អង្គារ​ ខណៈ​តំបន់​នេះមិន​ព្រម​បន្ទន់​ឥរិយាបថ ធ្វើតាម​ការ​ទាមទារ​របស់​រដ្ឋាភិបាលអេ​ស្ប៉ា​ញ ដែល​រដ្ឋាភិបាល​នេះ​បាន​បោះ​បង់ចោល​ការប្រកាស​ឯក​រាជ្យ​ជា​និមិត្ត​មួយ ​ដែលធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នាផ្នែក​នយោបាយជាមួយ​ទីក្រុងម៉ា​ឌ្រី​ត​នៅ​សប្ដាហ៍​នេះ​។​​ក្រុម​អ្នក​តវ៉ា​បាន​កាន់​ទៀន​ និងក្រវី​ទង់​ជាតិ ‘Estelada’ គាំទ្រការ​ទាមទារ​ឯករាជ្យ ខណៈ​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​រុក្ខវិថី Passeig de Gracia ដែល​ជានិមិត្ត​របស់​ទីក្រុង​នេះ​ អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ដោយ​ស្ងាត់​ស្ងា​ម ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​ក្រុម​បំបែក​ខ្លួន​សំខាន់​ ២​រូប​របស់​តំបន់​កាតា​ឡូ​នី អំឡុង​ការស៊ើបអង្កេត​ជុំវិញ​ការ​​ចោទប្រកាន់ពី​បទញុះញង់​ឲ្យ​មានការ​បះបោរ​។​ ​ក្រុម​អ្នក​តវ៉ា​បាន​អុជ​ទៀនផ្លុំ​កញ្ចែ​ និង​ស្រែក​ពាក្យ​ថា សេរីភាព​ និង​ដក​កម្លាំង​ចេញពី​ការគ្រប់គ្រង​។​

​​វិបត្តិ​នយោបាយដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍របស់​អេ​ស្ប៉ា​ញ បានផុង​កាន់តែ​ជ្រៅកាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី១៦ ខែ​តុលា នៅ​ពេល​ដែល​តុលាការ​ជាន់ខ្ពស់​របស់​ទីក្រុងម៉ា​ឌ្រី​ត​ ឃុំខ្លួន​ក្រុម​បំបែក​ខ្លួន​សំខាន់ ​២​រូប​របស់​តំបន់​កាតា​ឡូ​នី ក្រោម​ការចោទប្រកាន់​ពី​បទញុះញង់​ឲ្យ​មានការ​បះបោរ​។​ ​​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានគំរាមដាក់​តំបន់​កាតា​ឡូ​នី ​ដែលមាន​ផល​ចំណូល​សេដ្ឋកិច្ច ១​ភាគ​៥ ឲ្យ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្ដាល​វិញ​ បើរដ្ឋាភិបាល​កាតា​ឡូ​នី​នៅតែ​មិន​ព្រម​បោះបង់ចោល​ ការប្រកាស​ឯក​រាជ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៩ ខែតុលា​នេះ៕
អត្ថបទ៖ សុខ​មាន