ទណ្ឌិត​ក្នុង​ពន្ធនាគារ​ខេត្តពោធិ៍សាត់​ ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ

66

ពោធិ៍សាត់​ ៖ ​ពន្ធ​ធនាគារ​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​បង្កើត​មុខជំនាញ​ដល់​ជន​ដែល​កំពុង​ជាប់ឃុំ ​ ដើម្បី ពួកគេ​អាច​បង្កើត​ជា​មុខរបរ​សុច្ចរិត​នៅ​ពេល​ត្រូវ​បានធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​វិញ​។

ពន្ធ​ធនាគារ​ខេត្តពោធិ៍សាត់ កាលពី​ម្សិល​ម៉ិ​ញ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ជួសជុល និង​ថែទាំ​បរិក្ខារ​ត្រជាក់ និង​បិទ​វគ្គ​ត​បណ្តាញ​អគ្គិសនី ​ដល់​អ្នក​កំពុង​ជាប់ឃុំ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ពេល​ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

លោក អៀ អៀម ប្រធាន​ពន្ធ​ធនាគារ​ខេត្តពោធិ៍សាត់ ​បាន​ឲ្យ​ដឹងថា ​ពន្ធ​ធនាគារ​តែងតែ​មានកម្ម​វិធី​អប់រំ​កែប្រែ​ ដោយមាន​កម្មវិធី​ឲ្យ​ជន​ជាប់ឃុំ​ទទួល​បាន​ការអប់រំ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ច្បាប់​របស់​រាជរដ្ឋាភិបាល ​ពាក់ព័ន្ធ នឹង​បទល្មើស​នានា ​ពិសេស​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​ដោយ​គ្រឿងញៀន​។ ទន្ទឹមនេះ ​ពន្ធ​ធនាគារ​មានការ​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ដូចជា កាត់សក់ ផលិតកម្ម ដាំ​ដុះ សិប្បកម្ម និង​ជំនាញ​ត​បណ្តាញ​ អគ្គិសនី​ដល់​ជន​ជាប់ឃុំ​។

លោក​ប្រធាន​ពន្ធ​ធនាគារ បាន​បញ្ជាក់​ផងដែរ​ថា​ ដោយសារ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួងមហាផ្ទៃ និង​ការ ​សហការ​ជាមួយ​អង្គការ​ដៃគូ ដូចជា អង្គការ​កាន់ អប់រំ​គ្រូ​ក្រៅ​ប្រព័ន្ធ ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ មន្ទីរ​សង្គម កិច្ច និង​អង្គការ​សម្ព័ន្ធ​មេត្រីភាព​ពន្ធ​ធនាគារ​កម្ពុជា​ ទើប​ពន្ធ​ធនាគារ​ខេត្តពោធិ៍សាត់​ មានលទ្ធភាព ​បណ្តុះបណ្តាល​ ដល់​ជន​ដែល​កំពុង​ជាប់ឃុំ​។

លោកជំទាវ ឧ​ត្ត​ម​សេនីយ៍ ​ឯក សុខ សម្បត្តិ អគ្គ​យក​រង​នៃ​អគ្គ​យក​ដ្ឋា​ន​ពន្ធ​ធនាគារ​ក្រសួងមហាផ្ទៃ បាន​ថ្លែង ​ការកោតសរសើរ​ដល់​ការគ្រប់គ្រង​ពន្ធ​ធនាគារ​ខេត្តពោធិ៍សាត់​ ថា​មានការ​ដឹកនាំ​អង្គភាព និង​គ្រប់គ្រង​ជន​ជាប់ឃុំ ​បានល្អ​។ ​ទន្ទឹមនេះ ​លោកជំទាវ​ក៏បាន​រំលេច​ផង​ដែរ​អំពី​ការយក​ចិត្តទុក​ដាក់​រ​បស់​ពន្ធ​ធនាគារ​ ក្នុងការ​បណ្តុះ ​បណ្តាល​វិជ្ជាជីវៈ​ដល់​ជន​ដែល​កំពុង​ជាប់ឃុំ ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​មានមុខ​របរ​សុច្ចរិត​ នៅពេលដែល​គេ​ត្រឡប់​ទៅ រួមរស់​ក្នុងសង្គម​គ្រួសារ​វិញ​។

​​លោកជំទាវ​ ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ជន​ជាប់ឃុំ​ដែល​បាន​បញ្ចប់​វគ្គ និង​សិក្ខាកាម​ដែល​ទើប​បើក​វគ្គ​ថា ត្រូវ​ខិតខំ​បង្កើត​មុខរបរ​ដែល​សុច្ចរិត​ទៅតាម​ជំនាញ​វិជ្ជាជីវៈ​ដែល​បាន​សិក្សា​រៀន​សូត្រ​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ សារ ព្រោះថា​ មិន​ខ្វះ​ទេ​ការងារ​ល្អៗ​ នៅ​ស្រុក​ខ្មែរ ​ជាពិសេស ​លើ​ផ្នែក​អគ្គិសនី ម៉ាស៊ីនត្រជាក់ និង​សិប្បកម្ម​។​ល​៕