អាជ្ញាធរ​ចុះ​ដោះស្រាយ​ប្រមូល​សំរាម​ចេញពី​ផ្សារ​បាន​លុង​

37

រតនគិរី ៖ ​បញ្ហា​គំនរ​សំរាម​នៅ​ផ្សារ​បាន​លុង បាន​កើត​ឡើងជា​យូរ​មកហើយ​ ដោយ​ពុំមាន​ដំណោះស្រាយ​ប្រកប ដោយ​ប្រសិទ្ធភាព​ណាមួយ​ឡើយ​។ បញ្ហា​នេះ ​បានកើត​ឡើង​ដោយសារ​តែ​មាន​ការមិន​ចុះសម្រុង​គ្នា​រវាង​ ភាគី​ជា​អ្នក​អនុវត្ត​ការប្រមូល​សំរាម ​និង​ភាគី​វិនិយោគ​ផ្សារ​។ តែ​កាលពី​ថ្ងៃទី​១៨ ខែតុលា ម្សិល​ម៉ិ​ញ អាជ្ញាធរ​ក្រុង​បាន​លុង បាន​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះ​។

បន្ទាប់ពី​ក្រុមអាជីវករ​ផ្សារ​បាន​លុង ទទូច​ស្នើសុំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​គំនរ​សំរាម​នៅមុខ​ផ្សារ​បាន​លុង​នោះ​ ​ លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង ខេត្តរតនគិរី ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ដោះស្រាយ​បញ្ហា​សំរាម​កកស្ទះ ​ពេញ​នៅ​ខាងមុខ​ផ្សារ​បាន​លុង ​ដែល​ជះ​ក្លិន​មិនល្អ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អាជីវករ​ និង​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ទីនោះ ដែល​បញ្ហា​នេះ ​បង្កឡើង​ដោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោក ជា គួ​ង និង​គណៈ កម្ម​ការគ្រប់គ្រង​ផ្សារ​បាន​លុង ។

លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ​ដើម្បី​ឲ្យ​សោភ័ណភាព​ផ្សារ​មាន​លក្ខណៈ ល្អប្រសើរ​ឡើងវិញ​នោះ ​អាជ្ញាធរ​ក្រុង​បាន​លុង​ បាន​ចាត់​វិធានការណ៍​រំដោះ​សំរាម​ចេញ​ជាមុន​សិន ទើប​រក ដំណោះស្រាយ​បញ្ហា​វិវាទ​រវាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​លុង​ជា​ក្រោយ​។

លោក​អភិបាលក្រុង​រូបនេះ ​បានបញ្ជាក់​ឲ្យ​ដឹងថា ​គំនរ​សំរាម​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ខកខាន មិនបាន​ដឹក​ចេញពី​ផ្សារ​រយៈពេល​ជិត​១​ខែ​នេះ ​គណៈកម្មាធិការ​ចម្រុះ​របស់​ក្រុង​បាន​លុង​ នឹង​ធ្វើ​ការ​ប្រ មូល​ដឹក​ចេញ​ពីមុខ​ផ្សារ​ឲ្យ​អស់​។

ក្រុមអាជីវករ និង​អ្នករស់នៅ​ជុំវិញ​បរិវេណ​ផ្សារ​បាន​លុង ​កាលពីពេល​កន្លងមក ​បាន​ទទូច​ឲ្យ អាជ្ញាធរ​ខេត្ត ក្រុង និង​ស្ថាប័ន ​ពាក់ព័ន្ធ មាន​វិធានការណ៍​ផ្លូវច្បាប់​ រឺក៏​ដំណោះស្រាយ​ណាមួយ ដើម្បី​ធ្វើ​ឲ្យ ក្រុមហ៊ុន​ប្រមូល​សំរាម​ជួយ​ដឹក​សំរាម ដែល​ស្អុយរលួយ​ទាំងនេះ​ចេញពី​ទីតាំង​មុខ​ផ្សារ​ឲ្យ​បាន​ឆាប់រហ័ស ផង ព្រោះ​អី​សព្វថ្ងៃនេះ​ ពួកគេ​ស្ទើរតែ​ទ្រាំទ្រ​ពុំបាន​នូវ​ក្លិន​ដ៏​ស្អុយ​ដែល​សាយភាយ​ចេញ​មកពី​គំនរ​សំរាម ​ជាពិសេស​នៅ​ពេល​មេឃ​ធ្លាក់ភ្លៀង​ម្តងៗ ​ព្រោះថា ​ក្លិនស្អុយ​ចេញពី​សំរាម​ទាំងនេះ វា​បាន​ជះឥទ្ធិពល និង​សោភ័ណភាព​មិនល្អ​ដល់​សង្គម ក៏ដូចជា​ប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ជាពិសេស​ទៀត​នោះ ​គឺ​ប៉ះពាល់​ដល់​សុខភាព​របស់​អាជីវក​រដែ​ល​ប្រកប​របរ​លក់ដូរ​ជាប្រចាំ​នៅទីនេះ​៕