អង្គការ ​UNICEF​ លើក​ឡើង​ថា កុមារ​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កំពុង​រស់នៅ​យ៉ាង​លំបាក​ក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស

91

បង់​ក្លា​ដែ​ស៖ ​អង្គការ​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិហៅ​កាត់​ថា (UNICEF) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា កុមារ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជិត​ ៣៤​ម៉ឺន​នាក់​កំពុង​រស់នៅក្នុង​ស្ថាន​ភាព​យ៉ាប់​យឺន​ក្នុង​ជំរំ​បង់​ក្លា​ដែ​ស ជាទី​ដែល​ពួកគេ​មាន​អាហារ​ហូបចុក​មិន​គ្រប់គ្រាន់​,​ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​សេវា​ថែទាំ​សុខភាព។កុមារ​រហូតដល់​ជាង​ 12,000​នាក់​បាន​មក​ដល់​ជា​រៀងរាល់​សប្ដាហ៍​គេច​ចេញពី​អំពើ​ហិង្សា ឬ​ការ​អត់​ឃ្លាន​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ជា​រឿយៗត្រូវ​តក់ស្លុតដោយសារអំពើ​ព្រៃផ្សៃដែល​ពួកគេ​បាន​មើល​ឃើញ​។​ អង្គការ​នេះបាន​និយាយ​ក្នុង​របាយ​ការថា ពួកគេ​ជា​មនុស្សគ្មាន​ទីពឹង​ និង​អស់សង្ឃឹម​។ ​ជា​រួម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត ​៦​សែន​នាក់​ បាន​ចាក​ចេញពី​ភាគ​ខាងជើង​រដ្ឋរ៉ា​ក់​ឃី​នចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​ដែល​អង្គការសហប្រជាជាតិ​លើក​ឡើង​ថា មី​យ៉ាន់​ម៉ា​ចាប់ផ្ដើម​យុទ្ធនាការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិភាគតិច ក្រោយ​ការវាយប្រហារពី​ក្រុម​បះបោរ​។

​​លោក Simon Ingram ដែល​ជាអ្នក​សរសេរ​របាយការណ៍ និង​ជា​មន្ត្រី​អង្គការ UNICEF បាន​ប្រា​ប់​សន្និសីទ​សារព័ត៌មានខ្លី​មួយ​ក្នុង​ទីក្រុងហ្សឺ​ណែវថា​ កុមាររ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ក្នុង​ចំណោម ​៥​នាក់​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថាទទួល​បាន​អាហារ​មិន​គ្រប់គ្រាន់ ​និង​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការថែទាំ​សុខភាព៕

​អត្ថបទ​៖ ​សុខ​មាន​