មកដល់ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជួប​កម្មករ ​និយោជិត​ជាង​១​សែន​៣​ម៉ឺន​នាក់​ហើយ

36

ភ្នំពេញ ៖ ក្នុង​បេសកកម្ម​អញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិត ​ដោយ​គិត​ចាប់ពី​ពាក់​កណ្តាល ខែសីហា ​មកដល់ពេលនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ​ និយោជិត នៅ​រាជធានី​ភ្នំពេញ ​ជាង​១​សែន ​៣​ម៉ឺន​នាក់​ហើយ​ ហើយ​បាន​ដោះស្រាយ​ ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន ។

ក្នុង​បេសកកម្ម​ដ៏​កម្រ ដែល​មិន​មាន​មេដឹកនាំ​ណា​ម្នាក់​ធ្វើបាន​នោះ សម្តេច​តេ​ជោ ​ហ៊ុន សែន តែងតែ​រម្លឹក​អំពី​កត្តា​សន្តិភាព ស្ថិរភាព​ ដើម្បី​សុវត្ថិភាព ​និង​ស្ថិរភាព​ការងារ របស់​កម្មករ ​និយោជិត ការ​រួម​គ្នា​រក្សា​ការងារ និង បង្កើត​ការងារ រួមគ្នា​អនុវត្ត​របប​សន្តិសុខ​សង្គម​ និង​ធានា​លក្ខខណ្ឌ​ការងារ ព្រមទាំង​យកចិត្តទុកដាក់​ដល់​ពលករ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​ ជាពិសេស​រាជរដ្ឋាភិបាល​បាន​គិតគូរ​ យ៉ាងខ្លាំង ​អំពី​ការរួម​គ្នា​បង្កើន​ប្រាក់ចំណូល​ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មក​រ និយោជិត​។

ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​១៧០​ដុល្លារ ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ ធ្វើឱ្យ​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែកជើង ​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិច​១៨៧ ដល់​១៩៨​ដុល្លារ ក្នុង​១​ខែ​។

វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ កាលពី​ឆ្នាំ​១៩៩៧ មានតែ​៦៤​រោងចក្រ និង​មាន​កម្មករ​តែ​ជាង​៨​ម៉ឺន​នាក់​ ហើយ​តម្លៃ​នាំចេញ​បាន​ត្រឹមតែ ​២២៧​លាន​ដុល្លារ ​ប៉ុន្តែ​រហូត​មកដល់​ឆ្នាំ​២០១៧​នេះ ចំនួន​រោងចក្រ​បាន​កើន​ឡើង​រហូតដល់​១​ពាន់​១០៧​ រោងចក្រ មាន​កម្មករ ជាង​៧៤​ម៉ឺន​នាក់​ ហើយ​តម្លៃ​នាំចេញ​មាន​រហូតដល់ ​៧​ពាន់ ៦៦៣​លាន​ដុល្លារ​។

ការរីកចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​គិត​ត្រឹម​ឆមាស​ទី​១​ ឆ្នាំ​២០១៧​នេះ សហគ្រាស គ្រឹះស្ថាន ​ដែល​បាន​ចុះបញ្ជី នៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សរុប​ចំនួន ១១​ពាន់​១៦៨​គ្រឹះស្ថាន និង​មាន​កម្មករ ​និយោជិត ​ចំនួន​១​លាន ១​សែន ៨​ម៉ឺន ៧​ពាន់ ២២៧​នាក់ ព្រមទាំង​បាន​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ជាង​៣​លាន​នាក់​។

អត្ថប្រយោជន៍​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករ និយោជិត​ទទួលបាន ​បើ​យោង​តាម​តារាង​ប្រៀបធៀប​ដែល​បង្ហាញ​ដោយ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹងថា​ ប្រាក់​ឈ្នួល​អប្បបរមា​រវាង​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ទាប​ជាង​កម្ពុជា ​ខណៈ​កម្ពុជា​ទទួល​បាន​១៥៣​ដុល្លារ ​បង់​ក្លា​ដេ​ស​ ទទួលបាន​៦៧​ដុល្លារ​, ស្រីលង្កា​៦៧​ដុល្លារ​,​ឥណ្ឌា​៧៧​ដុល្លារ​,​មី​យ៉ាន​ម៉ា​៧៩​ដុល្លារ​,​ឥណ្ឌូនេស៊ី​ ៩៩​ដល់​២៤៩​ដុល្លា​រ វៀតណាម​១១៣​ដល់​១៦៥​ដុល្លារ​,​ឡាវ​១១០​ដុល្លារ​, និង​ប៉ា​គី​ស្ថាន​១៣៤​ដុល្លារ​។

ដោយឡែក​ប្រទេស​ដែល​ខ្ពស់​ជាង​កម្ពុជា ​គឺ​ចិន​ទទួល​បាន​១៧០​ដល់​៦០០​ដុល្លារ​, ថៃ​២៥០​ដុល្លារ​,​ម៉ាឡេស៊ី​៣០០​ដុល្លារ​,​សិង្ហបុរី​៨៤០​ដុល្លារ​,​និង​ហ្វីលីពីន​១៣៩​ដល់​២៥៧​ដុល្លារ​អាមេរិក​។​ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ចាប់ពី​ឆ្នាំ​២០១៩​តទៅ ​កម្ពុជា​នឹង​មាន​សមធម៌​រវាង​មន្ត្រីរាជការ​សាធារណៈ និង​កម្មករ និយោជិត​ផ្នែក​ឯកជន​ដែល​មាន​ប្រាក់​ឈ្នួល​ និង​របប​សន្តិសុខ​សង្គម​អប្បបរមា​ប្រហាក់ប្រហែលគ្នា​៕