ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​កំពុង​ដំណើរការ​ខុស​ពី​ការ​រំពឹងទុក​

48

ភ្នំពេញ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​មួយ​រូប ​បាន​អះអាង​ថា ដំណើរការ​ចុះឈ្មោះ​​បោះឆ្នោត​ក្នុង​រយៈពេល​ជិត​៦០​ថ្ងៃ​កន្លងមក គឺ​លទ្ធផល​អ្នក​ទៅ​ចុះឈ្មោះ​តិច​ជាង​ការរំពឹងទុក​របស់​គ​.​ជ​.​ប​។​

​​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការចុះឈ្មោះ​បោះឆ្នោត នៅ​ស្នាក់​កណ្តា​ល​គ​.​ជ​.​ប ថ្ងៃទី​២០ ខែ​តុលា​នេះ ឯកឧត្តម ឌុ​ច សុន សមាជិក​គ​.​ជ​.​ប បាន​ថ្លែង​ថា ក្នុង​រយៈពេល​៦០​ថ្ងៃ​នៃ​ការ​ដំណើរ​ចុះឈ្មោះ​បោះឆ្នោត​នោះ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ ២៥.៦៣% នៃ​ចំនួន​អ្នក​មិនទាន់បាន​ទៅ​ចុះឈ្មោះ​ទាំងអស់ គឺ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ពោល គឺ​គិតដល់​ថ្ងៃ​ទី​១៩ ខែតុលា​នេះ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​៤១​ម៉ឺន ៦៨០០​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។

ឯកឧត្តម ឌុ​ច សុន បន្តថា សម្រាប់​អ្នក​មិនបាន​អញ្ជើញ​ចុះ​បោះឆ្នោត​នៅក្នុង​អំឡុង​ពេលនេះ គឺ​អ្នក​ទាំងនោះ​មិន​ទទួលបាន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​ទេ​។​

​​ចៅសង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល លោក យ៉ាវ ឡេង ថ្លែងថា ក្នុង​រយៈពេល​៧០​ថ្ងៃ ពោលគឺ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី០​៩ ខែ​វិច្ឆិកា​ខាងមុខនេះ សង្កាត់​បាន​បាន​ធ្វើតាម​ការណែនាំ​រប​ស់ គ​.​ជ​.​ប ដោយ​បាន​បែងចែក​ពេលវេលា​ចំនួន​២០​ថ្ងៃ​ដំបូង គឺ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់​ត្រូវ​ដំណើរការ​ចុះឈ្មោះ​នៅ​តាម​សាលាឃុំ​សង្កាត់ ដោយឡែក​ក្នុង​រយៈពេល​៣៥​ថ្ងៃ​បន្ទាប់ គឺ​មន្ត្រី​ត្រូវ​ចុះ​ចល័ត​នៅតាម​ទីប្រជុំជន​ណាមួយ នៅតាម​ភូមិ ហើយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ចុងក្រោយ​គឺ​ត្រូវ​ត្រឡប់មក​ចុះឈ្មោះ​នៅតាម​សាលាឃុំ​សង្កាត់​វិញ

លោក​បន្ត​ថា សម្រាប់​សង្កាត់​របស់លោក​ដោយសារ​មាន​អ្នក​ចំណូល​ថ្មី​មករ​ស់​ច្រើន មកដល់ពេលនេះ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បានមក​ចុះឈ្មោះ មាន​ចំនួន​កើនឡើង​លើស​ការ​គ្រោងទុក​។

ទោះយ៉ាងណា ឯកឧត្តម ឌុ​ច សុន បានស្នើ​អោយ​បណ្តា​គណបក្សនយោបាយ អង្គការ​សមាគម​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ជួយ​សហការ​ជាមួយ​គ​.​ជ​.​ប ជំរុញ​ផ្សព្វផ្សាយ​ដល់​អ្នក​មិនទាន់​ទៅ​ចុះ​បោះឆ្នោត ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បីអោយ​ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​មាន​ភាពរលូន​៕