ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នៅ​តែ​បន្ត​​ភៀស​ខ្លួន​ទៅ​កាន់​ទីក្រុង​ខូ​ក​បា​ហ្សា​ប្រទេស​បង់​ក្លា​ដែ​ស​

88

បង់​ក្លា​ដែ​ស៖ ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់​រយ​នាក់ បាន​បន្ត​មកដល់​ទីក្រុង​ខូ​ក​បា​ហ្សា (Cox’s Bazar) របស់​ប្រទេស​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។​

​​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត ​៦​សែន​នាក់​ បាន​ចាក​ចេញពី​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ក់​ឃី​ន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​ដែល​អង្គការសហប្រជាជាតិ​លើក​ឡើង​ថា ទាហានមី​យ៉ាន់​ម៉ាបាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិភាគតិច នេះ​ក្រោយ​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​បះបោរ​។​ ​អង្គការ​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិហៅ​កាត់​ថា UNICEF បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​កុមារ​រ៉ូ​ហ៊ីង​យ៉ា​ជិត 340,000នាក់កំពុង​រស់​នៅ​ ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺនក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ជាទី​ដែល​ពួកគេ​បាន​ទទួល​អាហារ​​ហូបចុក​មិន​គ្រប់គ្រាន់, ខ្វះ​ទឹក​ស្អាត​ប្រើស​ប្រាស់ ​និងសេវា​ថែទាំ​សុខភាព​ជាដើម​។

កុមារ​រហូតដល់​ជាង​ 12,000​នាក់​បាន​មក​ដល់​ជា​រៀងរាល់​សប្ដាហ៍គេច​ចេញពីអំពើ​ហិង្សា ឬ​ការអត់ឃ្លានក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ជា​រឿយៗត្រូវ​តក់ស្លុតដោយសារអំពើ​ព្រៃផ្សៃ ដែល​ពួកគេ​បាន​មើល​ឃើញ​។​ អង្គការ​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​ថា ពួកគេ​ជា​មនុស្ស​គ្មាន​ទីពឹង​ និង​អស់សង្ឃឹម​៕
អត្ថបទ៖ សុខ​មាន