ករណី​បាញ់សម្លាប់​ជនរងគ្រោះ​២​នាក់ ​កូន​ប្រុស​អះអាងថា ​ឃាតករ​ប្លន់​យក​លុយ​ជិត​ប្រាំ​ម៉ឺន​ដុល្លារ ​គេច​ខ្លួន​បាត់

537

កំពង់ធំ ​៖ ឃាតករ ដៃ​ឆៅ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ចំនួន​ ២​នាក់ យ៉ាង​សាហាវ​បំផុត​ ខណៈពេល​កំពុង​បើកបរ​រថយន្ត​ចេញពី​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ​ក្រោយពេល​កើត​ហេតុ ក្រុម​ជនសង្ស័យ​បាន​រត់​គេចខ្លួន​បាត់ស្រមោល ។ ករណីនេះ​ បាន កើតមានឡើង​ នៅវេលា​ម៉ោង ២១​និង​៣៥​នាទី នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ​ ស្ថិត​ត្រង់ចំណុច​ ទួល​ស្រឡៅ ភូមិ​ដងក្តា ​ឃុំ​ក្រយា ស្រុក​សន្ទុក ​ ខេត្តកំពង់ធំ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ បានឱ្យដឹង​ថា​ ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​ ៤​នាក់ ប្រដាប់​ដោយ​អាវុធ​មិន​ស្គាល់​ម៉ាក ​បាន​ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ​ចំនួន ២​នាក់​ប្តី​-​ប្រពន្ធ​ ខណៈពេល​កំពុង​បើកបរ​ ប្ដី​ឈ្នោះ សឿង ប្រុ​ញ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​( ស្លាប់​)​ និង ប្រពន្ធ​ឈ្មោះ លី ចាន់​ធឿន ​អាយុ ៣៨​ឆ្នាំ​(​ស្លាប់​) ​ប្ដី​ប្រពន្ធ ​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​ តែ​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​ស្នាក់នៅ​ តំបន់​អូ​សាជូ ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​សន្ទុក ​ខេត្តកំពង់ធំ​។

សមត្ថកិច្ច​ ​បានបន្ដថា ក្នុង​ពេល​កើតហេតុ​ប្រពន្ធ​ជា​អ្នកបើកបរ​រថយន្ត​មួយគ្រឿង ​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​កាំ​ម៉ៃ ​ពាក់​ស្លាក​លេខ​ កំពង់ចាម 2B-5444 ​ដឹក​ក្មួយៗ​ ២​នាក់​ទៀត ចេញពី​ធ្វើការ​រោង​ចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ជប៉ុន​ នៅ​ចំណុច​អូ​សាជូ ភូមិ​ដងក្តា ឃុំ​ក្រយា លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា ៤​នាក់ ​ចេញ​មក​មក​ស្ទាក់ផ្លូវ​ធ្វើ​សកម្ម​បាញ់សម្លាប់​ជនរង​គ្រោះ​ទាំង ២​នាក់ ប្តី​-​ប្រពន្ធ​តែម្ដង​។

ជុំវិញ​ករណី​ឃាតកម្ម​បាញ់សម្លាប់ ២​នាក់​ប្ដី​-​ប្រពន្ធ​នេះ បើតាម​ការ​ សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង​អាច​បណ្តាល​មក​ពី​រឿង គំនុំ​ ​ក្នុង​មុខ​រកស៊ី​ទិញ​ជ័រកៅស៊ូ ​ព្រោះ​ជនរងគ្រោះ​មិនសូវ​ត្រូវ​ជាមួយ​អ្នកជិតខាង​ទេ ​មានការ​ឈ្លោះ​ជាមួយ​អ្នកដទៃ​ជា​ញឹកញាប់​។​ តែ​ក្រោយមក ​កូនប្រុស ជនរងគ្រោះ​បាន​បញ្ជាក់​ប្រាប់​នៅ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ក្រយា ថា​ ចោរ​ បាន​ប្លន់ ​​យក ​គ្រឿង​អលង្ការ ​ បូក​ជាមួយ​លុយ​ ខ្មែរ ដោយ​គិត​ជា​ដុល្លារ​ សរុប ​ជិត​៥​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ប្លន់​រួច​រត់គេចខ្លួន ។​ រហូតមកដល់​ពេលនេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ ដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន​ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕