សម្ដេច​ ទៀ បាញ់៖ ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រួម​ដៃ​ជាមួយ​បក្ស​ប្រឆាំង​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល

54

ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិបាន​បញ្ជាក់​ថា អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​ជាមួយ​បក្សប្រឆាំង​ ដើម្បី​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល នឹងមិន​ត្រូវបាន​លើកលែង​ឡើយ ដោយ​បច្ចុប្បន្ន​នេះ ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​បាន​ខ្លះ​ៗ​ហើយ​។​

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​មុននឹង​ឡើង​យន្តហោះ​ឆ្ពោះ​ទៅកាន់ ប្រទេស​ហ្វីលីពីន​ដើម្បី​ចូលរួម កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​លើក​ទី​១១ និង​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ​អាស៊ាន បូក​លើក​ទី​៤​នា​ថ្ងៃទី​២២​ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​អះអាងថា ​អង្គការ សមាគម​ដែល​ឃុបឃិត​ជាមួយ​បក្សប្រឆាំង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ ត្រូវ​បាន​រកឃើញ​ភស្តុតាង​ជា​បន្តបន្ទាប់ ហើយ​នឹង​ចាត់វិធានការ​នា​ពេលខាងមុខ​នេះ​ជា​បន្តបន្ទាប់​ផងដែរ​។​

កាលពី​កន្លងទៅ​ថ្មីៗ​នេះ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​អះអាង​ថា មាន​អង្គការ​ខ្លះ​ជាពិសេស​អង្គការ​ធាំ​ង​ត្នោត​ត្រូវ​បានទទួល​ជំនួយ​ពី​អាមេរិក​ចាប់ពី​៤០​ទៅ​៥០​ម៉ឺន​ដុល្លារ​យក​មក​បង្ហាត់បង្រៀន​និង​ធ្វើការ​ញុះញង់ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​ស្អប់​រាជរដ្ឋាភិបាល និង​ញុះញង់​ពលរដ្ឋ​ខ្មែរ​នៅតាម​សហគមន៍​មួយចំនួន​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ដោយ​ចោទ​រាជរដ្ឋាភិបាល​ពីបទ​នេះ​បទ​នោះ​ជាដើម​។​

យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​បញ្ជាក់​ទៀតថា សកម្មភាព​របស់​អង្គការ​និង​បក្ស​ប្រឆាំង​ទាំងនោះ​នឹង​មិន​ត្រូវ​លើកលែង​ឲ្យ​នោះ​ឡើយ ហើយ​កងទ័ព​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​កំ ចាត់​ពួក​ទាំង​ហ្នឹង​ចោល ក្នុង​គោលបំណង​ថែរក្សា​សុខ​សន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះដែរ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ក៏បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត​ដែរ​ថា កងទ័ព​ដាច់​ខាត់​ការពា​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត និង​ការពារ​ព្រះមហាក្សត្រ​ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល ដែល​មាន​ការបណ្តុះបណ្តាល​ពី​លោកខាងលិច​មក​ធ្វើ ព្យុះ​ធ្វើ​ភ្លៀង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​នោះឡើយ​៕​