សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ថា​នឹង​ប្តឹង​លោក លឺ ឡាយស្រេង ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍​សម្ដេច​

79

ភ្នំពេញ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើ​សារ​ថានឹង​ប្តឹង​លោក លឺ ឡាយស្រេង ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ និង​បរិហារកេរ្តិ៍​សម្តេច ដែលថា​សម្តេច​បាន​សូក​ប្រាក់​ដល់​មន្ត្រី​ហ្វ៊ុនស៊ីនប៉ិច ឱ្យចូល​សភា​ជំនួស​តំណាងរាស្ត្រ​បក្សប្រឆាំង​។​

​​​សារ​ព្រមាន​ប្តឹង លោក លឺ ឡាយស្រេង ខាងលើនេះ ត្រូវបានធ្វើ​ឡើងខណៈ​ស​ម្តេច អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ជាង​៤​ពាន់​នាក់ មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២២ ខែតុលា​នេះ​។​

​​​សម្តេច​បាន​មានប្រសាសន៍ថា សម្តេច​នឹង​ប្តឹង​លោក លឺ ឡាយស្រេង អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ អំពី​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះមហាក្សត្រ​ដែលថា ជា​មាន់គ្រៀវ និង​អំពី​បទ​បរិហាកេរ្តិ៍​សម្តេច​អំពី​បញ្ហា​ដែលថា សម្តេច​តេ​ជោ​បាន​សូក​លុយ​ដល់​មន្ត្រី​ហ្វ៊ុនស៊ីនប៉ិច ម្នាក់​២​ម៉ឺន​ដុល្លារ ក្នុងការ​ឱ្យចូល​សភា​ជំនួស​តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​នឹងត្រូវ​រំលាយ​នៅពេល​ខាងមុខ ដោយ​សម្តេច​បានឱ្យ​មេធាវី​រៀបចំ​ឯកសារ​ដើម្បី​ចាត់ការ​រឿង​ដោយ​មិន​អត់ឱន​បានឡើយ​។​

​​​នៅក្នុង​ពិធី​ដដែល​នេះ ទាក់ទិន​នឹង​ការយក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ ទៅ​បែង​ចែង បន្ទាប់ពី​ត្រូវបាន​រំលាយ​បក្សប្រឆាំង​នោះ សម្តេច បាន​មានប្រសាសន៍ថា តាមពិត​រដ្ឋធម្មនុញ្ញ​បាន​ចែងថា បើ​គណបក្សនយោបាយ​ណាមួយ ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ត្រូវ​បោះបង់ ឬ​ត្រូវបាន​រំលាយ​អាសនៈ​របស់​បក្ស​នោះ នឹងត្រូវ​យកទៅ​ចែក​ឲ្យ​តែ​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​តែប៉ុណ្ណោះ​។

ប៉ុន្តែ​ដោយ​យល់ឃើញថា បក្ស​នៅក្នុង​រដ្ឋសភា មានតែ​ពីរ​គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​បើ​យកទៅ​ចែក​ឲ្យ​គណបក្ស​ប្រជាជន ឃើញថា​វា​អាក្រក់​មើល​ខ្លាំងណាស់ ដូច្នេះ​ទើប​នាំ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​នោះ ទៅ​ឲ្យ​គណបក្ស​ដទៃទៀត ដែល​មិនមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​បាន​ចូលរួម​នៅក្នុង​មណ្ឌលបោះឆ្នោត​ជាមួយគ្នា​។​

​​​ទោះជា​យ៉ាងណាក៏ដោយ សម្តេច​ក៏​បន្តថា មិន​បានសេចក្តីថា គណបក្ស​ប្រជាជន មិន​យក​នោះទេ ហើយ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិក នឹង​ទទួលបាន​បន្ថែម​មួយចំនួន​ផងដែរ ដោយសារ គណបក្ស​មួយចំនួនទៀត បានប្រកាសថា នឹងមិន​ទទួលយក​អាសនៈ​ដែល​បាន​បែងចែក​នោះ ដូចជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជាដើម​។​

​​​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​នេះដែរ សម្តេច​ក៏បាន​ផ្ញើ​សារ​ទៅកាន់ មេឃុំ ចៅសង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ប្រសិនបើ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​ចង់​ទៅតាម​បក្ស​របស់ខ្លួន​ក៏​ទៅ​ទៅ ប៉ុន្តែ​បើ​ចង់​រក្សា​តំណែង​របស់ខ្លួន សម្តេច​បាន​ផ្តល់ឱកាស ឲ្យ​មេឃុំ និង​ចៅសង្កាត់​ទាំងនោះ ប្រកាស​ចូលមក​បម្រើ​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​តែម្តងទៅ ។​

​​​ទាក់ទង​នឹង​ការប្រកាស​ឱ្យ ចៅសង្កាត់ មេឃុំ មកពី​គណបក្ស​សង្គ្រោះ​ជាតិ អាច​សុំ​ប្តូរ​ជីវភាព​នយោបាយ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ សម្តេច​ថា មិនមែន​ជាការ​ទិញយក​នោះទេ គឺជា​ការអនុវត្តន៍​នូវ​នយោបាយ​ឈ្នះៗ​។

សម្តេច​បាន​មានប្រសាសន៍ថា គោលដៅ​ចំបង​របស់​សម្តេច​ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សម្តេច​ថា ៩៩.៩៩% នឹងត្រូវ​រលាយ​នោះ គឺ​មិនមែន​ទប់ទល់​ជាមួយ​បក្ស​ក្នុងស្រុក​នោះទេ ប៉ុន្តែ​គឺ​ចង់​ទប់ទល់​ជាមួយ​មេក្លោង​ដែលជា​ចៅហ្វាយនាយ​របស់គេ ដែលមាន​មហិច្ឆតា ចង់​ធ្វើ​បដិវត្ត​ព័រ​ណ៍ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​គោលដៅ​ធំ​បំផុត​របស់​សម្តេច​គឺ​រក្សា​ឱ្យខាងតែបាន​នូវ​សន្តិភាព ដែល​យើង​ខិតខំ​រកបាន​យ៉ាង​លំបាកលំបិន​មកដល់ពេលនេះ​៕