កីឡាករ​ម៉ិ​ក​ស៊ិ​ក Jonathan Paredes ឈ្នះ​ជើងឯក​ពិភពលោក​ការ​ប្រកួត​លោតទឹក​ ក្រោយ​កំហុសរបស់ Gary Hunt

37

លោត​ទឹក៖ ​កីឡាករ​ម៉ិ​ក​ស៊ិ​ក Jonathan Paredes បាន​ក្ដោប​ឱកាស​កំហុស​ចុងក្រោយ​របស់​ជើងឯក 6សម័យ Gary Hunt ដើម្បី​យកឈ្នះ​ការប្រកួត​លោត​ទឹក Red Bull Cliff Diving World Series នៅ​ប្រទេស​ឈី​លី​ចុង​សប្ដាហ៍​កន្លងទៅ និងគ្រង​ជើងឯក​ពិភពលោក​។

​​កីឡាករ​វ័យ 28ឆ្នាំ​រូប​នេះ​បាន​ឈរ​មើល​កីឡាករ​អង់គ្លេស Gary Hunt លោត​ចុះ​ចុងក្រោយ​ដែល​មាន​កំហុស​ទទួលបាន​សូន្យ​ពិន្ទុដែល​ធ្វើ​អោយ Paredes មានឱកាស​យកឈ្នះ​តែ​ម្តង មិនតែប៉ុណ្ណោះ​ក៏បាន​ក្លាយ​ជា​ជើងឯក​ពិភពលោកក្រោយ​មាន​សរុប 720ពិន្ទុពីលើ Gary Hunt ដែល​មាន 710ពិន្ទុ ខណៈ​លេខ3 បាន​ទៅ កីឡាករ​អង់គ្លេស Blake Aldridge មាន 580ពិន្ទុ​។ ​ចំណែក​ការប្រកួត​ផ្នែក​នារីកីឡា​ការិនី​អូស្ត្រាលី Rhiannan Iflland បាន​ជំនះ​របួស​របស់​នាងដើម្បី​បញ្ចប់​រដូវ​កាល​មាន 890ពិន្ទុការពារ​តំណែង​ជើងឯក​ពិភពលោក​បាន​សំរេចដាច់ 150ពិន្ទុ​លើ​អ្នក​លេខ2 កីឡា​ការិនី Helena Merten និងកីឡា​ការិនី​ម៉ិ​ក​ស៊ិ​ក Adriana Jimenez បាន​លេខ 3​។

​​រំលឹក​ថា​ព្រឹត្តិការណ៍​កីឡា​លោតទឹក Red Bull Cliff Diving World Series ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ2009 ខណៈ​កីឡាករ​អង់គ្លេស Gary Hunt ជា​ជើងឯក​ច្រើន​ជាង​គេ​សរុប 6លើក​ទៅ​ហើយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ