Lewis Hamilton បន្ត​ឈ្នះ​នៅ​អាមេរិក ខណៈ​ក្រុម​ប្រណាំង Mercedes គ្រង​ជើងឯក​ពិភពលោក​

38

ប្រណាំង​រថយន្ត៖ ​ក្រុម​ប្រណាំង F1, Mercedes បាន​គ្រង​ជើងឯក​ពិភពលោក​ទៅ​ហើយ បន្ទាប់ពី​ជ័យ​ជំនះ​របស់​កីឡាករ​អង់គ្លេស Lewis Hamilton ក្នុង​ព្រឹត្តិការណ៍ U.S. Grand Prix យប់​ម៉ិ​ញ​។

​​Hamilton បាន​ទទួល​ពាន​ជ័យជំនះ​នៅ​អាមេរិក​នេះ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton​។ ​នេះ​ជា​ជ័យជំនះ​នៅ​ទីលាន Austin សហរដ្ឋអាមេរិក​នេះ​លើក​ទី5 ហើយ​ក្នុងចំណោម 6លើក​ចុង​ក្រោយ និង​ជា​ជ័យជំនះ​ទីលាន​ទី62 ក្នុង​អាជីព​សំរាប់ Lewis Hamilton ដើម្បី​ពន្លាត​ពិន្ទុ​នាំមុខ​លើ​គូប្រជែង Ferrari, Sebastian Vettel ឡើង​ដល់ 66ពិន្ទុ និង​អាច​សំរេច​ជើងឯក​ពិភពលោក​នៅ​ទីលាន​ម៉ិ​ក​ស៊ិ​ក​ចុង​សប្ដាហ៍​នេះ​។ ​កីឡាករ​របស់​ក្រុម Ferrari ទាំងពីរ​នាក់ Sebastian Vettel បាន​បញ្ចប់​លេខ2 នៅ​អាមេរិក​នេះ ខណៈ​កីឡាករ​ហ្វាំ​ង​ឡង់ Kimi Raikkonen លេខ3​។

​​នៅសល់ 3ទីលាន​ទៀត​ប៉ុណ្ណោះ​រដូវ​កាល 2017 Formula One ពិភពលោក​នឹង​បញ្ចប់​ដោយ​ពិន្ទុ​អតិបរមា​បើ​ឈ្នះ​ទាំង 3ទីលាន​នេះ​គឺ 75ពិន្ទុ ខណៈ Hamilton ដាច់ 66ពិន្ទុ និង​អាច​ក្លាយ​ជា​ជើងឯក​ពិភពលោក​ចុង​សប្ដាហ៍​នេះ ក៏​នឹង​អាច​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ដំបូង​ ដែល​ឈ្នះ​ជើងឯក​ពិភពលោក 4សម័យ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ