សម្តេច​តេ​ជោ​ ហ៊ុន ​សែន មាន​មហិច្ឆតា​សាងសង់​ស្ពាន​ ដែល​មាន​គម្លាត ​ពីគ្នា​៣​គីឡូម៉ែត្រ មាន​ស្ពាន​១

209

ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​​តេ​ជោ​ ហ៊ុន សែន​ បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ​ដោយ​សម្តេច​បង្ហាញ​នូវ​មហិច្ឆតាថា ​នឹង​សាងសង់​ស្ពាន​ឱ្យ​បាន​ច្រើន ​គឺ​៣​គីឡូម៉ែត្រ មាន​ស្ពាន​១​។

ការ​បង្ហាញ​មហិច្ឆតា និង​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ស្ពាន​ថ្មីៗ​ជាច្រើន​ទៀត របស់​សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពានបេតុង​អា​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប ​នៅ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៣​ តុលា​នេះ​។​

សម្តេច​តេ​ជោ​ បាន​មានប្រសាសន៍ថា​ ការ​កសាង​ស្ពាន​ថ្មី​មួយទៀត​នេះ​ នៅ​ខណ្ឌឫស្សីកែវ ​ពិតជា​មាន​សារៈ​ណាស់ ​ហើយ​បន្ទាប់ពី​ការសាងសង់​រួច​នឹង​បាន​ជួយ​សម្រួល​ចរាចរ​កកស្ទះ​នៅ​ផ្នែក​ខាងលិច​ និង​សារៈប្រយោជន៍​ដល់​តំបន់​ទីក្រុងរណប​ជ្រោង​ចង្វារ​។ ​សម្តេច​ ក៏បាន​បាន​បញ្ជាក់​ពី​ការ​ទិញ​យក​មកវិញ​នូវ ផ្លូវ​និង​ស្ពាន​ព្រែក​ព្នៅ ព្រមទាំង​ការ​ដក​យក​ម​កវិញ​នូវ​ផ្លូវ​ពី​ខេត្តសៀមរាប​ ទៅ​កោះ​កេរ្តិ៍ ​ការ​ដកមកវិញ​នូវ​ផ្លូវជាតិ​លេខ​៤ ផ្លូវ វ៉េងស្រេង ​និង​ផ្លូវ​សឡា​ឱ្យ ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​មិន​ចាំបាច់​បង់ប្រាក់​គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ​។

ក្នុង​បញ្ហា​នេះ សម្តេច​បានបង្ហាញ​ឱ្យឃើញ​ថា ​មានតែ​ប្រទេស​កម្ពុជា​ទេ ​ដែល​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ផ្លូវ​ដោយ​មិន​បង់ប្រាក់ ​ដោយឡែក​ប្រទេសជិតខាង ​និង​ប្រទេស​ជាច្រើន​ទៀត ​គឺ​សុទ្ធ​តែ​មាន​ផ្លូវ​ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បង់ប្រាក់​។

យោង​របាយការណ៍​ឯកឧត្តម ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពិធីបើក​ការ​ដ្ឋាន​ស្ថាបនា ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប ​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ​នៅ​ខណ្ឌ​ជ្រោយចង្វារ​មកកាន់​ផ្លូវជាតិ​លេខ ៥ ត្រង់​ចំណុច​ប្រសព្វ​ផ្លូវ​លេខ ៣៦ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ គឺជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ​មកកាន់​ផ្លូវជាតិ​លេខ ៥ ​ត្រង់​ចំណុច​ប្រសព្វ​ផ្លូវ​លេខ ៣៦ ចាក់​ភ្ជាប់​ទៅដល់​ផ្លូវ​រថភ្លើង​ដែល​កំពុង​សាងសង់​ និង​អាច​បើក​ភ្ជាប់​ទៅដល់​ផ្លូវ​លេខ​ ៥៩៨ ដែល​ត្រូវ​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ២៨​ខែ​និង​ប្រើប្រាស់​កញ្ចប់​ថវិកា​បាន​មកពី​គម្រោង​វិនិយោគ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ សរុប ៣៥​លាន ៨​ម៉ឺន​ដុល្លា​រ​៕