សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ឲ្យ​អ្នក​ដែល​បកស្រាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ សិក្សា​ឱ្យ​បាន​ច្បាស់

47

ភ្នំពេញ ៖ ​ដោយ​ថ្ងៃនេះ​ ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៦​ នៃ​ការ​ចុះ​ហត្ថ​មេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស​២៣​តុលា​ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ បាន​បកស្រាយ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ស​ម្តេច​ ដែល​ជា​តួអង្គ​ដ៏​សំខាន់​នៅ​កិច្ចព្រមព្រៀង​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រម្លឹក​អំពី​ដំណើររឿង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ​ទីក្រុង​ប៉ារីស ​ជាពិសេស​បង្ហាញ​ឱ្យ​ពី​សកម្មភាព​របស់​សម្តេច​ដែល​ជា​អ្នក​ស្ថាបនិក និង​ជា​អ្នកដើរតួ​គន្លឹះ​នៅ​ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​នេះ ​ខណៈពេល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពានបេតុង​អា​មេ​ខ្សែកាប ​ឆ្លង​ទន្លេសាប ​ត្រង់​ចំណុច​ផ្លូវ​សាលា​ដែក​ខាងជើង​ឃ្លាំង​ប្រេងឥន្ធនៈ ​សូ​គី​មិច ​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​២៣​តុលា​នេះ​។

សម្តេច​តេ​ជោ មានប្រសាសន៍ថា ការ​លើក​យក​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​សម្តេច​ជា​ស្ថាបនិក និង​ជា​អ្នកដើរតួ​ដ៏​សំខាន់​នៅក្នុង​ការងារ​នេះ គឺ​ដើម្បី​បង្ហាញ​ឱ្យឃើញ​ពី​សារៈសំខាន់ នៃ​ការ​ខិតខំ​របស់​សម្តេច ​ហើយ​សង្ឃឹមថា ​អ្នក​ដែល​បកស្រាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​ទទឹងទិស​ទាំងឡាយ​ គួរ​ត្រូវ​យល់​និង​សិក្សា​ឱ្យ​បាន​ច្បាស់​។

សម្តេច​តេ​ជោ បាន​បន្ត​លើកឡើងថា ​កិច្ចព្រមព្រៀង​សន្តិភាព​បាន​តម្រូវ​ឱ្យមាន​អន្តរាគមន៍​ពី​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការសហប្រជាជាតិ ​ហៅថា អ៊ុនតាក់​ ចូល​មក​កម្ពុជា​ ដោយ​បាន​ចាយ​លុយ​អស់​២​ពាន់​លាន​ដុល្លារ​ មិនបាន​ជោគជ័យ ហើយ​បាន​ដក​ត្រឡប់​ទៅវិញ​ ដោយ​បន្សល់​ទុក​ឱ្យ​កម្ពុជា​ មាន​តំបន់​ត្រួតត្រា​ពីរ ​គឺ​ភាគី​រដ្ឋាភិបាល ​និង​ខ្មែរក្រហម​។

សម្តេច​ បញ្ជាក់ថា​ ដោយ​ស្ថានភាព​បែបនេះ​ សម្តេច​បាន​ដាក់​ចេញ​ដោយ​ផ្ទាល់​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​ធានា​នូវ​បញ្ហា​៣​យ៉ាង​ សម្រាប់​ការ​ធ្វើ​សមាហរណកម្ម ទី​១​ គឺ​ការធានា​អំពី​សុវត្ថិភាព​ដល់​ពួកគេ ​ដោយ​គ្មាន​ការ​ចាប់ចង ​កាប់សម្លាប់​, ទី​២.​ធានា​អាជីព​មុខរបរ​នៅ​ដដែល​,​និង​ទី​៣.​ធានា​ទទួល​ស្គាល់​អំពី​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ ​ហើយ​សម្តេច​ក៏បាន​បន្ត​នូវ​នយោបាយ​នេះ ​រហូត​បាន​បញ្ចប់​ឆ្នាំ​១៩៩៨ ​នៅ​អន្លង់វែង ។​ដូច្នេះ​នយោបាយ​នេះ​ គឺ​វា​បាន​បង្គ្រប់​ឱ្យ​កិច្ចព្រមព្រៀង​សន្តិភាព ​ទីក្រុង​ប៉ារីស​ដោយ​ជោគជ័យ​៕