អតីត​ប្រមុខ​ការទូត ​៖ ​កម្ពុជា​ធ្វើ​អ្វី​គ្រប់យ៉ាង​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​ និង​តាម​ប្រជាជន

46

ភ្នំពេញ ៖ ​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ​បាន​ថ្លែងថា ​កម្ពុជា​គឺជា​ប្រទេស​ឯករាជ្យ​ ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​ និង​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្លួន ​មិន​ដូច​ការ​លើកឡើង​របស់​មជ្ឈដ្ឋាន​ អន្តរជាតិ​មួយ​ចំនួន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ឡើយ​។

ការ​លើក​ឡើង​របស់​អតីត​ប្រមុខ​ការទូត​រូបនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ មួយ​ចំនួន​បាន​ថ្លែងថា ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ កំពុង​ដើរ​ថយក្រោយ​ខណៈ​រដ្ឋសភា​ បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី ដោយ​អាច​នឹង​រំលាយ​គណបក្ស​ជំទាស់​ចោល​ក្រោយពី​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ ​និង​បរទេស​ចង់​ផ្ដួល ​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​នៅ​កម្ពុជា​នោះ​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មុននឹង​ឡើង​យន្ដហោះ ​ឆ្ពោះទៅ កាន់​ប្រទេស​បារាំង​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រ​វាង​«​ក្រុមប្រឹក្សា វប្បធម៌​អាស៊ី​»​ ជាមួយ​អង្គការ​យូ​នី​ស្កូ​ នា​ថ្ងៃទី​២២ ​ខែតុលា ​ឆ្នាំ​២០១៧​នេះ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​លើក​ឡើងថា​«​កម្ពុជា​ ជា​ប្រទេស​ឯករាជ្យ​ អធិបតេយ្យភាព​កម្ពុជា ​ធ្វើ​អ្វី​ស្របតាម​ផល ​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​យើង​»​

សូម​រំលឹកថា​ នៅក្នុង​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី ​អៀ​រី​ណា បូ​កូ​វ៉ា ​អគ្គនាយក​អង្គការ​យូ​នី​ស្កូ ​នៅក្នុង​កិច្ច​ប្រ ជុំ អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រវាង​«​ក្រុមប្រឹក្សា ​វប្បធម៌​អាស៊ី​»​។ ​កិច្ចប្រជុំ​នេះ​នឹងធ្វើ ​ឡើង​ចំនួន​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​ខែតុលា​នេះ​។

ក្រុមប្រឹក្សា​ វប្បធម៌​អាស៊ី​ជា​អង្គការ​វប្បធម៌​មួយ​ដែល​កម្ពុជា ​ជា​ប្រធាន​ស្ថាបនិក ​ដែល​មាន​ប្រទេស​ចិន នេ​ប៉ាល ​និង​រុស្ស៊ី​ ជា​អនុប្រធាន​។ កាលពី​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ ICAPP ​ដែល​មាន​២៣​ប្រទេស​ជា​សមាជិក ​ហើយ​នៅ​ទីក្រុង​ស៊ី​អួល ​ប្រទេស​កូរ៉េខាងត្បូង ​នៅ​ថ្ងៃទី​៦​ ដល់​ថ្ងៃទី​១០ ​ខែកក្កដា​ តាម ​ការស្នើរ​សុំ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ គណៈកម្មការ​អចិន្ត្រៃយ៍ ICAPP​ បាន​ឯកភាព​ ឲ្យ​បង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ​ ក្នុងនាម​ប្រទេស​៥៣​នៅ​អាស៊ី​ដែល​ជា​សមាជិក​របស់ ICAPP​

បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ បានបញ្ជាក់​ទៀត​ថា​ សហ​ប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ​ជាមួយ​អង្គការ​យូ​នី​ស្កូ ​គឺមាន​សារៈសំខាន់​ណាស់​នាំ​ឲ្យ​ប្រទេស​នានា ​ចំនួន​១៩៣​សព្វ​ថ្ងៃជា​សមាជិក​អង្គការ​យូ​នី​ស្កូ​ កាន់តែ​ស្គាល់​វប្បធម៌​ នៃ​ប្រទេស​អាស៊ី​ទាំង​៥៣​ជាពិសេស​ វប្បធម៌​ខ្មែរ​តែម្តង​ ដែល​មាន​ប្រាសាទ​៣ ​ហើយ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ​ពិភពលោក​ គឺ​ប្រាសាទអង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​និង​ថ្មីៗ​ប្រាសាទ​សំបូរ​ព្រៃគុប​៕