Marc Marquez ឈ្នះ​ការប្រកួត MotoGP នៅ​អូស្ត្រាលី​ខិត​ជិត​គ្រង​ជើងឯក​ពិភពលោក​រដូវ​កាល​នេះ​

69

ប្រណាំង​ម៉ូតូ៖ ​កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez កាន់តែ​ខិត​ជិត​គ្រង​ជើងឯក​ពិភពលោក MotoGP ហើយ​ក្រោយ​ជ័យជំនះ​នៅ​ទីលាន​ប្រទេស​អូស្ត្រាលី​ចុង​សប្ដាហ៍​កន្លងទៅ​។​​កីឡាករ​វ័យ 24ឆ្នាំ​ជិះ​អោយ​ក្រុម​ហុងដា​រូប​នេះ ចាប់ផ្ដើម​ដំបូង​ត្រូវ​បាន​កីឡាករ​វ័យក្មេង​បារាំង Johann Zarco ជែង​បាន​មុន​ ពេល​ដែលប្រជែង​ឡើង​ត្រលប់​មក​នាំមុខ​វិញ 6ជុំ​មុន​ចប់ និង​រក្សា​ការ​នាំ​មុខ​រហូត​ដល់​ទី​ព្រ័ត្រ​។ ​កីឡាករ​អ៊ីតាលី​របស់​ក្រុម Ducati, Andrea Dovizioso ដែល​គូប្រជែង​ដណ្ដើម​តំណែង​ជើងឯក​នោះ ​បាន​ចាប់ផ្ដើម​នៅ​ទី​លេខ​11 បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​នៅ​វគ្គ​ជំ​រុះ និង​បញ្ចប់​លេខ​នៅ​លេខ13 ឯណោះ​។ ​ចំណែក​ឯ​កីឡាករ​របស់​ក្រុម Yamaha, Valentino Rossi បាន​បញ្ចប់​លេខ2 នៅ​អូស្ត្រាលី​នេះ តាម​ពីក្រោយដោយ​មិត្ត​រួម​ក្រុម Maverick Vinales​។

​​ក្រោយ 16ទីលាន​រដូវ​កាល​នេះ Marc Marquez មាន​សរុប 269ពិន្ទុ តាម​ពីក្រោយ 33ពិន្ទុ​ដោយ Andrea Dovizioso ខណៈ Maverick Vinales លេខ3 មាន 219ពិន្ទុ​។ ​ការប្រកួត​នៅសល់2 ទីលាន​ទៀត​ប៉ុណ្ណោះ​បញ្ចប់​រដូវ​កាល MotoGP 2017 នេះ​ហើយ​គឺ​ទីលាន Sepang ប្រទេស​ម៉ាឡេស៊ី និង Valencia ប្រទេស​អេ​ស្ប៉ា​ញ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ