មន្ត្រី​កាំកុងត្រូល​ អះអាងថា ​អាជីវករ​កាន់តែ​មាន​​កា​រ​យល់ដឹង​ពី​គ្រោះថ្នាក់​ នៃ​សារធាតុ​គីមី

44

តាកែវ ៖ ​ ការប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​មុខទំនិញ​ដើម្បី​រក្សា​គុណភាព ​ត្រូវ​បាន​គេ​ដឹងថា​ បាន​កើតមាន​ឡើងជា​យូរ​មក ហើយ ដោយសារតែ​ការ​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​សុខភាព​របស់​អ្នកប្រើប្រាស់​ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ឥរិយាបទ​នេះ ​បាន​មានការ​ប្រែប្រួល​ច្រើន​ក្នុង​ចំណោម​អាជីវករ​ទាំងឡាយ​។

មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ បាន​អះអាងថា បច្ចុប្បន្ន ក្រុមអាជីវករ​កាន់តែ​ច្រើនឡើង ចាប់ផ្ដើម​មានការ​យល់​ដឹង​ពី គ្រោះថ្នាក់​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ដោយសារ​ការ​ដាក់​សារធាតុ​គីមី​នៅ​លើ​ទំនិញ ដែល​ការអះអាង​នេះ​ បានធ្វើ ឡើង​បន្ទាប់ពី​មិន​មាន​ការ​រកឃើញ​សារធាតុ​គីមី​នៅ​លើ​មុខទំនិញ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ក្នុង​រយៈពេល​ចុង ក្រោយនេះ​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ ​នៅ​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្តតាកែវ​ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​គ្រឿង កំប៉ុង សរសៃ​គុយទាវ និង​ធ្វើតេស្ត​បឋម​ទៅលើ​បន្លែ ផ្លែឈើ និង​ស្វែងរក​ប្រភេទ​ត្រី​ធូណា​ ច្រក​កែវ​មាន​គម្រប​ ដែល​ជា​ផលិត ​ផល​របស់​ប្រទេស​បារាំង គឺ​មន្ត្រី​របស់​លោក​មិនបាន​រកឃើញ​ភាព​មិនប្រក្រតី​នៅលើ​ទំនិញ​ទាំងអស់​នោះទេ​ ជាពិសេស ទំនិញ​ខូចគុណភាព និង​មិន​មាន​ការដាក់​សារធាតុ​គីមី​បូរ៉ា​ក់​នៅលើ​បន្លែ​ផ្លែឈើ​ទាំងអស់​នោះទេ​ ហើយ​លទ្ធផល​នេះ ជា​អ្វី ដែល​ទាំងអស់គ្នា​ចង់បាន​ជារ​ហូត​តរៀង​ទៅ​។

លោក​ បាន​បន្តថា កន្លងមក នៅពេលដែល​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ដ​ ទៅលើ​សរសៃ​គុយទាវ ដឹង​តែ​មាន​ផ្ទុយ​សារធាតុ គីមី​ប៊ូ​រ៉ា​ក់​ហើយ​ ប៉ុន្តែ​លើក​នេះ​អាជីវករ គឺ​គេ​បាន​យល់ដឹង​ច្រើន​អំពី​ផល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ ដូច្នោះ​ទើប​គេ​ឈប់​ ផលិត​សរសៃ​គុយទាវ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ប៊ូ​រ៉ា​ក់ ជំនួស​មកវិញ​នូវ​ការទិញ​ពី​អ្នក​ផលិត​នៅ​ភ្នំពេញ ​ដែល​មាន​ស្តង់ដារ ​និង​អនាម័យ​ត្រឹមត្រូវ​។ នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចូល​រួម​សហការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ពី​សំណាក់​អាជីវករ ​លើ​សុវត្ថិភាព​ចំណីអាហារ ​និង​សុខភាព​អ្នកប្រើប្រាស់​។

បើតាម​លោក​ប្រធាន​សាខា​កាំកុងត្រូល ប៉ោ លាង​គង់ មន្ត្រី​ជំនាញ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ចុះ​ស្រាវជ្រាវ និង​ត្រួត ពិនិត្យ​ទំនិញ​ដែល​កំពុងតែ​ចរាចរ​នៅ​តាម​ទីផ្សារ​ ពិសេស​ទំនិញ​ដែល​បាន​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ​ធ្វើយ៉ាងណា ​ឲ្យ​ទីផ្សារ​ខេត្តតាកែវ​ក្លាយ​ជា​ទីផ្សារ​ប្រកបដោយ​សុខ​សុវត្ថិភាព ស្តង់ដារ អនាម័យ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការលក់ដូរ​ទំនិញ មួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕