ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក​ចូលរួម​ប្រកួត​ប្រ​ជែ​ជាង​២៧០​ទូក​

44

ភ្នំពេញ៖ នៅសល់​ប្រមាណ​ជាជាង ១០ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ព្រះរាជ​ធី​បុណ្យអុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ទន្លេ​ចតុមុខ នៅ​រាជធានី​ភ្នំពេញ​ខាង​មុន​ព្រះបរមរាជវាំង​។ សម្រាប់​ឆ្នាំ នេះ​បើ​តាម​គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​អោយ​ដឹងថា មាន​ទូក​ចូលរួម​ប្រកួត​ប្រជែង​ជាង ២៧០ ទូក ដើម្បី​ចូលរួម​អបអរសាទរ​។​

លោក ប៊ូ ជុំ​សេរី អនុប្រធាន​គណៈកម្មការ​ប​ច្ចេកទេស និង​អនុ​គណៈកម្មការ​មេ​ប្រយោគ​នៃ​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​អោយដឹងថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​សម្រាប់​ឆ្នាំ នេះ គឺ​ពុំ​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ទាំង​បញ្ហា​អាកាសធាតុ​ក៏​ល្អ​ប្រសើរ​ដែល​អនុញ្ញាត​អោយ​កីឡាករ និង​កីឡារិនី​បាន​ចូលរួម​ប្រកួតប្រជែង​សប្បាយរីករាយ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ។

លោក​បន្ត​ថា សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំនេះ​មាន​ទូកង​ចូលរួម​អំ​ប្រកួតប្រជែង​ប្រមាណ​ជាជាង​២៧០ ទូក ដោយ​ក្នុងនោះ ​មាន​បី​ប្រភេទ គឺ​ទូក​ខ្នាត​អន្តរជាតិ ទូក​អុំ​បុរស​នារី និង​ទូក​ចែវ​បុរស​នារី ដែល​តែងតែ​ចូលរួម​ប្រកួតប្រជែង​ជា​រៀងរាល់ឆ្នាំ ខុសពី​ឆ្នាំ​កន្លងទៅ​មាន​ទូក​ប្រមាណ​ជា ៣៥០ ទូក​ចូលរួម​ប្រកួតប្រជែង​។

លោក​បញ្ជាក់ទៀតថា សម្រាប់​កីឡាករ កីឡាការិនី​ឯណេះ​វិញ​មាន​ប្រមាណ​ជា ១​ម៉ឺន ៤ ពាន់​នាក់ ក្នុង​នោះ ​មាន​កីឡាករ កីឡាការិនី​បំរុង​ប្រមាណ​ជា ៤ ពាន់​នាក់​សរុប​ប្រមាណ​ជា ១​ម៉ឺន ៨​ពាន់​នាក់​ដែល​នឹងចូលរួម​ប្រ​រួម​អុំទូក​ប្រកួតប្រជែង​ក្នុង​ព្រះរាជ​ពិ​ពិធី​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។

លោក បញ្ជាក់ទៀតថា ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​កីឡាករ កីឡា​រិ​នី​អំ​ទូក ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​រក្សា​ប្រពៃណី​វប្បធម៌​ទៅកាន់​ពិភពលោក​ដោយ​កុំ​គិត​ពី​ការ​ចាញ់​ឈ្នះ​ជា​រឿង​សំខាន់​។​

ជាមួយគ្នា​ដែរ ​​ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពីពេល​ថ្មីៗ​នេះ អំពាវនាវ​ដល់​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​ព្រោះ វា​ជា​ព្រឹត្តិការណ៍​បុណ្យប្រពៃណី​ដែល​អនុញ្ញាត​​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ​ដែលមាន​តាំងពី​បូរាណ​កាល​មក ពិសេស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​ជា​ពិធី​ដ៏​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

បន្ថែម​ពី​នេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ក៏​នឹង​រៀបចំ​ទីតាំង​កម្សាន្ត​ជាច្រើន​កន្លែង​មាន​ទាំង​ការប្រគុំ​ដ​ន្ត្រី​នាពេល​នាពេល​រាត្រី​ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​បាន​រាំ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ត្រៀមកម្លាំង​ការពារ​ប្រមាណ ៣​ម៉ឺន​នាក់​សម្រាប់​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕