អ្នក​ជំនាញ​ថា ឆ្នាំ​២០១៧​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​រក្សា​បាន​កំណើន​៤០%

55

ភ្នំពេញ៖ ​អ្នក​ជំនាញ​ផ្នែក​ឧស្សាហ៍កម្ម​ និង​ហិរញ្ញវត្ថុ​បាន​វាយ​តម្លៃ​ថា បច្ចុប្បន្ន​នេះ វិស័យ​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​និង​អាច​រក្សាបាន​កំណើន​ប្រមាណ​៤០%​។​

ឯកឧត្ដម ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហ៍កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែងប្រាប់​​​​ថា សព្វថ្ងៃ​នេះ ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ហើយ​មានការ​ទាក់ទាញ​ពី​ប្រជាពលរដ្ឋ​ទូទៅ ដោយសារតែ​ពួកគាត់​ហ៊ាន​វិនិយោគ​លើ​សេវាកម្ម​មួយ​នេះ ដើម្បី​ការពារ​ហានិភ័យ​ក្នុង​ការ​រក្សាបាន​នូវ​ស្ថិរភាព​ខាង​សេដ្ឋកិច្ច​គ្រួសារ​។​

ឯក​ឧ​ត្ត​ម ​បាន​បន្ថែម​ទៀតថា ឆ្នាំ​២០១៧​នេះ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​មានការ​កើន​ឡើង​៤៥%​ធៀប​និង​ឆ្នាំមុន​ហើយ​ជា​រៀងរាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​មាន​ជំនឿ​ទុកចិត្ត​ផងដែរ​លើ​សេវា​នេះ ដោយ​ពលរដ្ឋ​មួយ​ចំនួនធំ​ទិញ សេវា​រ៉ាប់រង ដូចជា កម្ចី​សេវា​ទិញ​ផ្ទះ​និង​ធានារ៉ាប់រង​អាយុ​វ​ជីវិត​ទៀតផង​។​

សម្រាប់ លោក យក់ ចំរើន​ឬ​ទ្ធិ នាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ​បាន​លើក​ឡើងថា រយៈពេល​២​ឬ​៣​ឆ្នាំនេះ វិស័យ​ធានា​រ៉ាប់​មានការ​លូតលាស់​ខ្លាំង​ជាពិសេស​វិស័យ​ធានារ៉ាប់រង​ចំពោះមុខ​មាន​លក្ខណៈ​ជា​បុគ្គល​បាន​រីកចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​មាន​កំណើន​រហូតដល់​ទៅ​ពី​៣០%​ទៅ ៤០% ។​

វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ទើបតែ​ចាប់ផ្តើម​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១២ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៦ កន្លងទៅនេះ​អត្រា​ជ្រាបចូល​ទីផ្សារ​នៃ​វិស័យ​ធានារ៉ាប់រង​ទាំងអស់ មាន​កម្រិត​ត្រឹមតែ ០.៦២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​។​

វិស័យ​ធានារ៉ាប់រង​អាយុជីវិត​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដោយមាន​កំណើន​រហូតដល់ ៩៥% កាលពី​ឆ្នាំ​២០១៦ ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ ការកើនឡើង​យ៉ាង​លឿន​នេះ​ត្រូវ​អ្នកជំនាញ​លើកឡើងថា ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ល្អ មាន​តម្រូវការ​ខ្ពស់ និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង​ច្រើន​ពី​សារសំខាន់​និង អត្ថប្រយោជន៍​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នេះ​៕