សម្តេច​តេ​ជោ នៅ​តែ​ផ្ដាំផ្ញើ​ឲ្យ​កម្មករ ​និយោជិត​ ត្រូវ​​ថែរក្សា​សន្តិភាព ​និង​ការ​អភិវឌ្ឍ ​ដោយ​មិន​ឱ្យ​ជន​អ្នកណា​មួយ​មក​បំផ្លាញ​បាន​ឡើយ

70

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅតែ​រម្លឹក​ផ្ដាំផ្ញើ​ឱ្យ​កម្មករ​ និយោជិត បន្តធ្វើ​ដំណើរ​ជាមួយ​សម្តេច​តទៅទៀត​ ដើម្បី​ថែរក្សា​សន្តិភាព​ និង​ការ​អភិវឌ្ឍ ដោយ​មិន​ទុក​ឱ្យ​អ្នកណាម្នាក់​ មក​បំផ្លាញ​បាន​ឡើយ ​ហើយ​សម្តេច​នៅតែ​អះអាងថា​ មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ ​ប៉ុន្តែ​បើ​គ្មាន​ការ​អភិវឌ្ឍ ​ក៏​មិនអាច​រក្សា​សន្តិភាព​បាន​នោះដែរ​។

នេះ​ជា​ការ​ផ្តាំផ្ញើ​ជាថ្មី​ម្តងទៀត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ ចំ នួន​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ មកពី​រោងចក្រ នានា​នៅ​តំបន់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​តុលា​នេះ​។​

ជាមួយនឹង​មោទនភាព រីករាយ​និង​បង្ហាញ​ពី​ការអភិវឌ្ឍន៍ រីកចម្រើន​ឥតឈប់ឈរ តាមរយៈ​ការខិតខំ​នៅ​គ្រប់​កាលៈទេសៈ ដែល​គេ​តែងតែ​ឃើញ​វត្តមាន​របស់​សម្តេច​នោះ ស​ម្តេច​ ក៏​រម្លឹក​ឱ្យឃើញ​អំពី​ឧបាយកល​ របស់​បក្ស​ប្រឆាំង​ដែល​តែងតែ​បង្ក​ការ​ញុះញង់ ឱ្យ​មាន​បាតុកម្ម និង បំផ្លិចបំផ្លាញ សន្តិភាព ស្ថេរភាព​ និង​សមិទ្ធផល​ដែល​យើង​ខិតខំ​សម្រេច​បាន​មកដល់ពេលនេះ ​ហើយ​បាន​ផ្ដាំផ្ញើ​និង​សង្ឃឹមថា កម្មករ ​និយោជិត ​ក៏ដូចជា​ឪពុក ម្តាយ កម្មករ ​និយោជិត​ទាំងអស់ បន្ត​គាំទ្រ ធ្វើដំណើរ​ជាមួយ​សម្តេច​តទៅទៀត ដោយ​មិន​ទុក​ឱ្យ​អ្នកណាម្នាក់​មក​បំផ្លាញ​សន្តិភាព និង​ការអភិវឌ្ឍ​បានឡើយ ។

សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល នៅតែ​រម្លឹក​ពី​កត្តា​សុខសន្តិភាព ​ស្ថេរភាព​ ដែលមាន​ចំណង​ទាក់ទង​២ ចុង​ខ្សែ​៥ គឺ​ការរួម​គ្នា​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ដើម្បី​សុវត្ថិភាព​និង​ស្ថិរភាព​ការងារ របស់​កម្មករ ​និយោជិត​, រួមគ្នា​រក្សា​ការងារ និង បង្កើត​ការងារ​, រួមគ្នា​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ធានា​លក្ខខណ្ឌ​ការងារ ,​ព្រមទាំង​យកចិត្តទុកដាក់​ដល់​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​រាជរដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​ខ្លាំង​អំពី​ការរួម​គ្នា​បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មក​រ និយោជិត​។

សម្តេច​ថា​ ៖ ​ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​១៧០​ដុល្លារ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ធ្វើឱ្យ​កម្មករ​ និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិច​១៨៧​ ដល់​១៩៨​ដុល្លារ ក្នុង​១​ខែ​។

យោង​របាយការណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ដឹងថា ក្នុង​ពិធី​នេះ មាន​កម្មករ និយោជិត​ចំនួន ១៤.៦១៤​នាក់ ​មកពី​រោងចក្រ សហគ្រាស​ចំនួន ១០ នៅ​តំបន់​ទួល​សង្កែ ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ​នៅក្នុង​ពិធី​នេះ​ក៏​មាន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ ចំនួន​៥៤៦ នាក់​បាន​ចូលរួម​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី នៅ​សាល​មហោស្រព​កោះ​ពេជ្រ​រួចហើយ ​និង​មាន កម្មករ និយោជិត រោងចក្រ អ៊ិន​ចៀ​ហ្កា​មិន ខូ​អិ​ល​ធី​ឌី ចំនួន ១៩២១ កំពុង​ស្ដាប់​សំឡេង​ផ្ទាល់ ពី​កម្មវិធី​សំណេះសំណាល​នេះ​។

នេះ​គឺជា​កម្មវិធី​ទី​១៥​ហើយ ដែរ​សម្ដេច​បាន ជួប​ជាមួយ កម្មករ​និយោជិត ​ក្នុង​ការ​ជំរុញ​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​កម្មករ​និយោជិត​ ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​បង្កើន​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​និង​ដោះស្រាយ​សំណូមពរ​ផ្សេងៗ​របស់​កម្មករនិយោជិត​និង​អ្នកវិនិយោគ​។

សរុបមក​ដល់ពេលនេះ​សម្ដេច​តេ​ជោ ​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ ​នៃ​បណ្ដា​រោងចក្រ​នានា​៦​លើក ចំនួន​២៦.៨២៣​នាក់​មកពី​រោងចក្រ​ចំនួន​៤៦៨ ​និង​បាន​ជួប​កម្មករ​និយោជិត​៩​លើក ចំនួន​១៧៤ រោងចក្រ ​ដែល​មាន​កម្មករនិយោជិត ចំនួន ១៣០.៤១៥ នាក់​។

រោងចក្រ​ទាំង​១០​នៅ​តំបន់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែល​ជួបជុំ​នៅពេលនេះ​មាន​អ្នក វិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦, កូរ៉េ​ចំនួន​២, អូស្ត្រាលី​១, ថៃ​ចំនួន ១ ក្នុងនោះ ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន ៩ និង រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​១​។​លទ្ធផល​ដែល​ផលិត ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស អូស្ត្រាលី បារាំង ទួ​គី សហរដ្ឋអាមេរិក ជប៉ុន សហគមន៍​អឺរ៉ុប ​កាណាដា អាស៊ី និង​ស្វី​ស​។

ការអភិវឌ្ឍ​រោងចក្រ​នៃ​តំបន់​នេះ គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​ បង្កើត​ការងារ ជូន​កម្មករ និយោជិត ​របស់​រាជរដ្ឋាភិបាល​៕