អាស៊ី​អឺរ៉ុប​បន្ត​កំណត់​ត្រា​គ្រង​ជើងឯក​លេខ​១ ក្នុង​ការ​ប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា​ ៤​ឆ្នាំ​ជាប់​គ្នា​

69

កីឡា​ឧ​ត្ត​មសិ​ក្សា៖ ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ឆ្នាំ​២០១៧ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ក្រុម​កីឡា​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បន្ត​គ្រង​តំណែង​ជើងឯក​ក្នុង​គ្រឹះស្ថាន​ ដណ្ដើម​បាន​មេ​ដាយ​​ច្រើន​ជាង​គេ​ជា​លើក​ទី​៤ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​អស់​រយៈ ៨​ថ្ងៃ​កន្លងទៅ។ ពិធី​បិទ​ការប្រកួត​បាន​ធ្វើ​ឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្រោម​វត្តមាន​ឯកឧត្ដម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។សម្រាប់​លទ្ធផល​ជា​រួម​ក្រុម​កីឡា​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ដណ្ដើម​បាន​មេដាយ​សរុប ២៣​គ្រឿង រួមមាន​មេ​ដាយ​មាស១៦, ប្រាក់៦ និង​សំរឹទ្ធ១។ ចំណែក​ក្រុម​លំដាប់​ទី​២ គឺ​ក្រុម​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល​ ដណ្ដើម​​បាន​មេដាយ​សរុប១៦ មាន​មេដាយ​មាស២ ប្រាក់៨ និង​សំរឹទ្ធ៦ ខណៈ​ក្រុម​លំដាប់​ទី​៣ គឺ​ក្រុម​វិទ្យាស្ថាន​ CamEd ​ឈ្នះ​មេដាយ​សរុប១៤ មាន​មេដាយ​មាស២ ប្រាក់៣ និង​សំរឹទ្ធ៩។​ លោក ស៊ា​ង សុវណ្ណ អគ្គលេខា​ធិ​ការ​សមាគម​កីឡា នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មីដែល​កីឡា​អាស៊ី​អឺរ៉ុប​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ ៤​ឆ្នាំ​ជាប់​គ្នា ហើយ​កាន់តែ​ដណ្ដើម​បាន​ច្រើននៅ​ក្នុង​ការប្រកួត​កីឡា​ឧត្ដមសិក្សាឆ្នាំ​២០១៧ នេះ។ លោក​រំពឹង​ថា ចរី​ភាព​កីឡា​អាស៊ី​អឺរ៉ុបនៅតែ​បន្ត​រហូត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

ដោយឡែក​លោក ពៅ ហុក ប្រតិភូ​កីឡា​អាស៊ី​អឺរ៉ុប​បាន​លើក​ឡើង​ថា ជោគជ័យ​ដ៏​ផុលផុស​ឆ្នាំនេះ​គឺ​ពឹង​ផ្អែកលើ​កត្តា​យុទ្ធសាស្ត្រ ៣​ចំណុច ទី​១ កត្តា​ការ​គិត​ទុកជាមុន, ទី​២ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ​-​កីឡា​ការិនី និង​កត្តា​ហិរញ្ញវត្ថុ​ដែល​លោក​បាន​ត្រៀម​ជាស្រេច ដើម្បី​លើទឹក​ចិត្ត​អ្នក​ដណ្ដើម​បាន​ជ័យ​លាភី។​ សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​ឆ្នាំនេះ ​គឺ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃ​ទី​២៤ ខែ​តុលា​ម្សិលមិញ ដោយ​ក្រសួង​អប់រំ​បានសម្រេច​ដាក់​កីឡា ៦​ប្រភេទ​ឲ្យ​គ្រឹះស្ថាន​សិក្សា​ចំនួន១៩ ធ្វើការ​ប្រកួតប្រជែង ដែល​ក្នុង​នោះ​រួមមាន​កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, ប៉េតង់, វាយ​កូនឃ្លី​លើ​តុ និង​កីឡាអត្តពលកម្ម ហើយ​ប្រភេទ​កីឡា​នេះ​ក៏​នឹង​បន្ត​រៀប​ចំ​នា​ឆ្នាំក្រោយៗ​ផង​ដែរ៕
អត្ថបទ៖ លី ឈុន​ឡា