គម្រោង​សាលា​បាល់ទាត់ ២៥​ខេត្ត​-​ក្រុង​ទទួល​បាន​ជំនួយ ៧​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​បន្ថែម​

50

បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ទទួល ​ជំនួយ​សប្បុរសធម៌​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​គម្រោង​បង្កើតសាលា​បាល់ទាត់​ទូទាំង ២៥​ខេត្ត​-​ក្រុង ខណៈ​ថវិកា​ទាំងនោះគឺ​ទទួល​បាន​ពី​ការ​លក់​សំបុត្រ និង​អាវ អំឡុង​ការប្រកួត​មិត្រភាព​រវាង​ក្រុម Cambodian All Star និង​ក្រុម Muangthong United លើ​ទឹកដី​កម្ពុជា​កាលពី​ខែ​កក្កដា​កន្លងទៅ។

ថវិកា​សប្បុរសធម៌​នេះត្រូវ​បាន​លោក រ៉ា​ម៉េ​ត ភី​ម​ផា​ប៉ូ​ត តំណាង​ក្រុមហ៊ុន SCG ប្រគល់​ជូន​ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ម្សិលមិញ។ ជាមួយគ្នា​នោះឯកឧត្ដម​ប្រធានសហព័ន្ធបាន​បង្ហាញ​ពី​មោទនភាព​ក្រៃលែង ចំពោះ​វិស័យ​ឯកជនដែល​តែងតែ​រួមចំណែក ក្នុង​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្ដម សៅ សុខា បាន​មានប្រសាសន៍ថា សាលា​បាល់ទាត់ ២៥​ខេត្ត​-​ក្រុង​ពេលនេះបាន​នឹង​កំពុង​ដំណើរការ ១២​ខេត្ត​រួច​មក​ហើយ ហើយ​សហព័ន្ធ​នៅតែ​បន្ត​ស្វាគមន៍ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ឯក និង​អ្នកមាន​ធូរធារ​នានា ដើម្បី​បន្ត​សកម្មភាព​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត ស្រប​ពេល​គម្រោង​ដ៏​ធំ​នេះត្រូវ​ចំណាយ​ថវិកា​ដ៏​ច្រើន ដើម្បី​បង្កើត​ធនធាន​កីឡាករ​មួយប្រកប​ដោយ​សមត្ថភាព​ពិតប្រាកដ។​

​​លោក ប្រា​រ៉ា​ម៉េ​ត ភី​ម​ផា​ប៉ូ​ត បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ​កីឡាបាល់ទាត់ គឺជា​គន្លឹះ​សម្រាប់​គាំទ្រ​ការ អភិវឌ្ឍន៍​យុវជន​នៅ​កម្ពុជា ទើប​ក្រុមហ៊ុន​លោក​សំរេចសហការ​ជាមួយ​សហព័ន្ធ​ រៀបចំ​ការប្រកួត​មិត្តភាព​កម្ពុជា​-​ថៃ​ឡើង ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​កម្ពុជា។ ជាក់ស្ដែង​ថវិកា​ខាងលើគឺ​ទទួល​បាន​ពី​ការប្រកួត​មិត្តភាព​រវាង​ក្រុម Cambodian All Star និង​ក្រុម Muangthong United ដោយ​ហេតុ​នេះលោក​រំពឹង​ថា នឹង​កើតមាន​ការ​ប្រកួត​មិត្តភាពជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ ។​
​សូម​បញ្ជាក់​ថា ជុំវិញ​ផែនការ​បង្កើត​សាលា​បាល់ទាត់ ២៥​ខេត្ត​-​ក្រុង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គឺ​ប្រើ​រយៈពេល ២​ឆ្នាំ​ត្រូវ​រៀបចំ​ឲ្យ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​សហព័ន្ធ​បាន​បើក​ដំណើរការ​សាលា​បាល់ទាត់​ចំនួន ១២​ខេត្ត​-​ក្រុង​រួច​មក​ហើយ។ ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ថ្នាល​បាល់ទាត់​យុវជន​តាម​បណ្ដាល​ខេត្ត​រយៈពេល ២​ឆ្នាំ​នេះ​ដែរ សហព័ន្ធ​គ្រោង​នឹង​ចំណាយ​ប្រមាណ ២​លាន​ដុល្លារ​លើ​មន្ត្រី គ្រូ អាជ្ញាកណ្ដាល រួម​ទាំង​ការ​ជួស​ជុល​ទីលាន​តិចតួច មិន​បូក​បញ្ចូល​ទាំង​ការសាងសង់​កីឡាដ្ឋាន​បាល់​គោលដៅ​មួយ​ចំនួន​ឡើយ ៕
​អត្ថបទ លី ឈុន​ឡា