គ្រូ​មី​យ៉ាន់​ម៉ា​ថា កម្ពុជា​អាច​ឈ្នះ​ហ្វីលីពីន ៥​គ្រាប់ តែ​គ្រូ​កម្ពុជា​ថា​មិន​ខ្លាំង​ជាង​ហ្វីលីពីន​ទេ​

890
លោក Chit Naing គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​មី​យ៉ាន់​ម៉ា

បាល់ទាត់៖ លោក Chit Naing គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​មី​យ៉ាន់​ម៉ា បាន​សម្ដែង​ការ​កោត​សរសើរ​ជា​ខ្លាំងចំពោះ​ទម្រង់​លេង​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បន្ទាប់ពី​វាយបក​ឈ្នះ​ក្រុម​ខ្លួន ៣-២ ក្នុង​ជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U19 Championship 2018 ពូ​ល​G នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់មិញ ។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​មី​យ៉ាន់​ម៉ា​ជឿ​ជាក់​ថា កម្ពុជា​នឹង​ធ្វើ​បាន​កាន់តែ​ល្អ​សម្រាប់​ប្រកួត​បន្ទាប់ ដែល​យ៉ាងហោចណាស់ក៏​អាច​យកឈ្នះ​ហ្វីលីពីន ៤ ឬ ៥​គ្រាប់​ដែរ។

លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា

​គ្រូ​បង្វឹក​ជនជាតិ​មី​យ៉ាន់​ម៉ា​រូប​នេះបាន​និយាយ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា ស្រប​ពេល​កូន​ក្រុម​ខ្លួន​បាត់បង់​ម្ចាស់ការ​លើ​ទីលាន​ក្នុង​វគ្គ​ទី​២ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​កម្ពុជា ក្ដោប​ឱកាស​បាន​យ៉ាង​ល្អដើម្បី​វាយបក​យកឈ្នះ ៣-២។ លទ្ធផល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​កីឡាករ​កម្ពុ​ជា ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ប្រកួតហើយ​បូក​រួម​ទាំង​បច្ចេកទេស និង​ស្មារតី​ជា​ក្រុម​ទៀត លោក​គិត​ថា​ហ្វីលីពីន​មិន​មែន​ជា​ដៃគូ​របស់​កម្ពុជា​នោះ​ទេ។

​ប៉ុន្តែ​បើ​ទោះ​បី​មានការ​អះអាង​ពី​គ្រូ​បង្វឹក​ ទើប​ដឹកនាំ​មី​យ៉ាន់​ម៉ាលត់​ក្រុម​ក្រុម​យុវជន​ហ្វីលីពីន ៦-០ ក៏​ពិត​មែន តែ​លោក Inoue Kazunori មិន​គាំទ្រ​សម្ដី​លោក Chit Naing ទាំងស្រុង​នោះ​ទេ ព្រោះ​លោក​យល់​ឃើញ​ថា កីឡាករ​កម្ពុជាមិន​ខ្លាំង​ជាង​ហ្វីលីពីន​ឡើយ។ ប៉ុន្តែ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះបាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ជំរុញ​កូន​ក្រុម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ដណ្ដើម​ជ័យជម្នះ​ជូន​ប្រទេសជាតិ​កម្ពុជា និង​ស្វែងរក​ឱកាស​ឡើង​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដែល​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០១៨ ខាងមុខ​ជាថ្មី ។

គួរ​បញ្ជាក់​ថា ជា​បណ្ដោះអាសន្ន​ពេលនេះក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​ចិន​កំពុង​ឈរ​កំពូល​តាង​ពូ​ល G និង​មាន ៦​ពិន្ទុ​ពេញ បន្ទាប់ពី​បន្ត​យកឈ្នះ​ក្រុម​យុវជន​ហ្វីលីពីន ៦-០ ខណៈ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ខាងលើ បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នេះឡើង​មក​ឈរ​លេខ​២ និង​មាន ៣​ពិន្ទុ​បណ្ដោះអាសន្ន ហើយ​ឈរ​លើ​ក្រុម​យុវជន​មី​យ៉ាន់​ម៉ា​មាន ៣​ពិន្ទុ​ស្មើគ្នា។​ ប៉ុន្តែ​ការប្រកួត​កាត់សេចក្ដី​ចុងក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាងមុខ ដោយ​ក្រុម​យុវជន​កម្ពុជាត្រូវ​ជួប​ក្រុម​បាតតារាង​ហ្វីលីពីន និង​ក្រុម​ខ្លាំង​ចិនជួប​ក្រុម​យុវជន​មី​យ៉ាន់​ម៉ា៕
អត្ថបទ លី ឈុន​ឡា