ការ៉ាតេដូ៖ ក្រោមការដឹកនាំរបស់ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានខេមរៈសហព័ន្ធការ៉ាតេដូ សហព័ន្ធបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ប្រភេទកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសសហព័ន្ធក៏មានផែនការច្បាស់លាស់ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ដើម្បីមានឱកាសបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅជប៉ុនផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការខេមរៈសហព័ន្ធការ៉ាតេដូ។ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីជួបសំណេះសំណាលកីឡាករ-កីឡាការិនី ២០រូប ដែលត្រៀមដំណើរទស្សនកិច្ច និងបោះជំរុំហ្វឹកហាត់នៅជប៉ុនកាលពីម្សិលមិញថា សហព័ន្ធមានផែនការច្រើន ដើម្បីអភិវឌ្ឍន៍កីឡាការ៉ាតេដូ ពិសេសដោយមានឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធានសហព័ន្ធថ្មី សហព័ន្ធបានចងសម្ព័ន្ធភាពជាមួយជប៉ុន ដើម្បីពង្រឹងលើផែនការបណ្ដុះបណ្ដាលថ្មីៗ ជាក់ស្ដែងចុងឆ្នាំនេះជប៉ុនបានសន្យា ២ចំណុចដើម្បីជួយដល់ការ៉ាតេដូកម្ពុជា៖ ទី១ គឺការបញ្ជូនកីឡាករ-កីឡាការិនីទៅទស្សនកិច្ច និងហ្វឹកហាត់នៅទីនោះ និងទី២ ជប៉ុននឹងបញ្ជូនអ្នកជំនាញមកចែករំលែកបទពិសោធន៍នៅកម្ពុជាផ្ទាល់តែម្ដង។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ខេមរៈសហព័ន្ធការ៉ាតេដូកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីសរុប ១៩នាក់ និងថ្នាក់ដឹកនាំម្នាក់ទៅហ្វឹកហាត់នៅជប៉ុនដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាពីបច្ចេកទេសថ្មីៗនៅជប៉ុនសម្រាប់យកមករំលែក និងអនុវត្តក្នុងប្រទេសកម្ពុជា៕
អត្ថបទ លី ឈុនឡា