FFC ​ចាយ​ជិត ១០​ម៉ឺន​ដុល្លារ​សាងសង់​ទីលាន​នៅ​ត្បូងឃ្មុំ ដើម្បី​បម្រើ​ដល់​គម្រោង​អភិវឌ្ឍន៍​តាម​ខេត្ត​

29

បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​ប្រកាស​ថា ដំណើរការ​បង្កើត​សាលា​បាល់​ទាត់​ ២៥​ខេត្ត​-​ក្រុង​របស់​សហព័ន្ធ បាន​ទទួល​ផ្លែផ្កា​ចំនួន ១២​ខេត្ត​ហើយ ប៉ុន្តែ​គម្រោង​បង្កើត​ទីលាន​ដាំ​ស្មៅ​ធម្មជាតិ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍន៍​ខាងលើទើប​លេចចេញ​ជា​រូបរាង ១​ខេត្ត​ប៉ុណ្ណោះគឺ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​ដំបូង​គេត្រូវ​បាន​សហព័ន្ធ​ចំណាយ​អស់​ជិត ១០​ម៉ឺន​ដុល្លារដើម្បី​សាងសង់​ទីលាន​ស្តង់ដារ​នៅ​ទីនោះ។

ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ប្រាប់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​  SCG  ចំនួន ៧​ម៉ឺន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​ថា សហព័ន្ធ​មាន​គម្រោង​សាងសង់​ទីលាន ដោយ​ដាំ​ស្មៅ​ធម្មជាតិ​ថ្មី​ទូទាំង ២៥​ខេត្ត​-​ក្រុង ប៉ុន្តែ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុសហព័ន្ធ​ត្រូវ​អនុវត្ត​ជា​ជំ​ហ៊ាន។ ជាក់ស្ដែង​សហព័ន្ធ​បាន​ជ្រើសរើស​ខេត្ត​ត្បូងឃ្មុំ​មុនគេដើម្បី​សាងសង់​ជួសជុល​ ​និង​ដាំ​ស្មៅដោយ​ចំណាយ​អស់ ៨៥,០០០​ដុល្លារ ហើយ​ទីលាន​នេះក្រៅពី​ទទួល​ការ​បណ្ដុះបណ្ដាល និង​ការប្រកួត​វាស់​ស្ទង់​សមត្ថភាព​ផ្សេងៗ ក៏​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ពិធី​បិទ​ការប្រកួត​លី​គ​យុវជន ដែល​សហព័ន្ធ​នឹង​បង្កើត​លើកដំបូងនា​ចុង​ឆ្នាំនេះ​ផង​ដែរ។​

សូម​បញ្ជាក់​ថា បន្ទាប់ពី​បញ្ចប់​គម្រោង​សាងសង់​ទីលាន​ដាំ​ស្មៅ​ថ្មី​នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​សហព័ន្ធ​កំពុង​រៀបចំ​ចាក់​ដី​នៅ​ខេត្ត​ស្វាយរៀង ដើម្បី​រៀបចំ​ទីលាន​នៅ​ទីនោះ​មួយទៀត សម្រាប់​បម្រើ​ដល់​គម្រោង​បង្កើត​សាលា​បាល់ទាត់​ទូទាំង ២៥​ខេត្ត​-​ក្រុង ស្រប​ពេល​សហព័ន្ធ​បាន​កំណត់​ទិសដៅ​យ៉ាង​យូរ​ឆ្នាំ​២០១៨ សហព័ន្ធ​នឹង​សម្រេច​គោលដៅ​បង្កើត​សាលា​នៅសល់​ឲ្យ​បាន​ទូទាំង​ប្រទេស។ ប៉ុន្តែ​ចំពោះ​គម្រោង​សាងសង់​ទីលាន​បន្ត​គឺ​អាស្រ័យ​លើ​ថវិកា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម សៅ សុខា៕

អត្ថបទ លី ឈុន​ឡា