កម្លាំង​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់ ​ដាក់ពង្រាយ​ការពារ​សន្តិសុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

315

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ប្រធាន​នាយក​ដ្ឋានអង្គរក្ស នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​ កម្លាំង​សមត្ថកិច្ច​សរុប​សម្រាប់​ការពារ​ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុលា ឆ្នាំ​២០១៧ មាន​ចំនួន​ ១២៣០០​នាក់ ទាំង​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ត្រៀម​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ បាន​ថ្លែងថា ​បុណ្យអុំទូក​ឆ្នាំនេះ សមត្ថកិច្ច​បាន​បទ​ពិសោធ​ន៍​ពី​ឆ្នាំមុន​មកនេះ ហើយ​ជឿថា កិច្ចការពារ​សុវត្ថិភាព​របស់​យើង​អាច​ធានា​សន្តិសុខ​បាន​។​ ក៏ប៉ុន្តែ​ការធានា​ សន្តិសុខ​នេះ មិនមែន​តែ​សមត្ថកិច្ច​ធ្វើ​បានទេ​ វា​ចាំបាច់​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ​។

លោក​ បន្តថា សមត្ថកិច្ច​មាន​ផែនការ​ល្អិតល្អន់​ណាស់​ក្នុង​កិច្ចការពារ​សុវត្ថិភាព​នេះ​ ដោយមាន​ការប្រើប្រាស់​កម្លាំង​ទាំង​សម្ងាត់ ​ទាំង​ចំហរ​។​ កម្លាំង​សម្ងាត់​ដើរ​ប្រមូល​ផ្តុំ​ព័ត៌មាន និង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​អ្វីដែល​អាច​កើតមានឡើង​នៅ​ពេល​គាត់​ដើរ​កំសាន្ត​។ ​ចំណែក​កម្លាំង​ចំហរ​ដើរ​ល្បាត​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ឃើញថា ​គាត់​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ត្រូវ​បាន​សមត្ថ​កិច្ចកា​រពារ​។ ហើយ​ឆ្នាំនេះ បុណ្យអុំទូក​ដូច​ឆ្នាំទៅ ក៏ប៉ុន្តែ​សមត្ថកិច្ច​បា​ន ​ពង្រួញ​ទីតាំង ពី​ការបិទ​បើកផ្លូវ ពីព្រោះ​បើ​បើកផ្លូវ​ទូលាយ​ឲ្យ​ចេញចូល ឃើញថា ​ពិធី​គ្មាន​សណ្តាប់ធ្នាប់ ​ប្រជាពលរដ្ឋ​មក​បុណ្យអុំទូក​អត់​បាន​កម្សាន្ត​សប្បាយ​បានទេ ដូច្នេះ​ចាំបាច់​ត្រូវ​បិទផ្លូវ​ (​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​១២​យប់​)​

លោក ​បន្តទៀតថា ​ចំពោះ​ការ​ការពារ​សន្តិសុខ គឺ​បាន​បែងចែក​តំបន់​ការពារ​ចំនួន​១០​តំបន់ ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ និង​យកចិត្តទុកដាក់​កន្លែង​ប្រគុំ​តន្ត្រី​ និង​ស្តង់​លក់ដូរ​ផ្សេងៗ​។ ហើយ​សមត្ថកិច្ច​នឹង​បង្ហោះ​រូប​មុខសញ្ញា​ទៅតាម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​បានដឹង​មុខសញ្ញា​ចោរលួច ចោរឆក់​។ ទន្ទឹម​នឹង​វិធានការ​ក៏​យើង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្លួនឯង​ផងដែរ​៕