កីឡា​ការិនី​ប្រដាល់​សកល​កម្ពុជា ​២​រូប​នឹង​ទៅ​ចូលរួម​ការប្រកួត​កីឡា​ប្រដាល់​សកល​នារី​ជើងឯក​ទ្វីប​អាស៊ី​

34

ប្រដាល់៖ ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាប្រដាល់​សកល​នារី ​ជើងឯក​ទ្វីប​អាស៊ី​នៅ​ប្រទេស​វៀតណាម ​ដែល​ដំណើរ​ការប្រកួត​ចាប់ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ខាងមុខនេះ កីឡា​ការិនី​ប្រដាល់​សកល​កម្ពុជា ​២​រូប​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ការប្រកួត​នោះ​គឺ​ កីឡា​ការិនី នៅ ស្រី​ពៅ និង​កីឡា​ការិនី វី ស្រី​ខួច ដែល​នេះ​គឺជា​លើកដំបូង​សម្រាប់​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា ​ក្នុង​ការ​បញ្ជូន​កីឡា​ការិនី​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​។​

 

​​ថ្លែង​ប្រាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅលោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡាប្រដាល់​សកល​នារី​ជើងឯក​ទ្វីប​អាស៊ី​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡា​ការិនី​ចំនួន​ ២​រូប មាន​៖ ជា​កីឡា​ការិនី វី ស្រី​ខួច និង​កីឡា​ការិនី នៅ ស្រី​ពៅ​។ ហើយ​ការ​ទៅ​ចូលរួម​ប្រកួត​របស់​កីឡា​ការិនី​ក្នុង​ព្រឹត្តិការ​ខាង​លើ​នេះ ជា​ឱកាស​ដក​ស្រង់​បទពិសោធន៍ និង​បច្ចេកទេស​សម្រាប់​កីឡា​ការិនី​ប្រដាល់​សកល​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈប្រកួតប្រជែង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ផ្សេងទៀត ពិសេសសម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​ចំណែក​ឯ​លោក វ៉ែន សុផល គ្រូ​បង្វឹក​ប្រដាល់​សកលបាន​បញ្ជាក់​ថា​ ដោយ​សារ​តែ​ជិត​ដល់ពេល​ប្រកួត​ហើយ ដូចនេះ​លោក​បាន​បន្ថែម​ម៉ោង​ក្នុង​ការ​ហ្វឹកហាត់ ព្រោះ​កីឡា​ការិនី​ទាំង ២​រូប​នៅ​ខ្សោយ​ផ្នែក​ល្បឿន​ និងបច្ចេកទេស​មួយ​ចំនួន​។ ប៉ុន្តែ​លោក​មិនសូវ​ព្រួយបារម្ភ​រឿង​បទពិសោធន៍​ទេ ព្រោះ​អ្នក​ទាំង​២ ធ្លាប់​ប្រកួត​ជាមួយ​កីឡា​ការិនី​បរទេស​ដែរ ហើយ​ម្យ៉ាង​កីឡា​ការិនី​ទាំង​២​ មាន​ទឹកចិត្ត​អំណត់​ខ្ពស់​។​

​​សូម​បញ្ជាក់​ថា កីឡា​ការិនី វី ស្រី​ខួច ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម រី​ឯកីឡា​ការិនី នៅ ស្រី​ពៅ ​ប្រកួត​ក្នុងប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម និង​ត្រូវ​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ហើយ​ចំពោះ​ព្រឹត្តិការណ៍ប្រកួត​ដំណើរ​ផ្លូវការ​ចាប់ពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប្រទេស​វៀតណាម​៕