គ្រូ​បង្វឹក U-19 ហ្វីលីពីន​សរសើរ​ទម្រង់​លេង​របស់​កម្ពុជា ខណៈ​លោក Inoue Kazunori គិត​ថា​កូន​ក្រុម​នៅ​មាន​កំហុស​ច្រើន​

51
លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន​អាយុ​ក្រោម​១៩​ឆ្នាំ បាន​ត្រឹម​ស្មើ​ជាមួយក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំជាមួយ​នឹង​លទ្ធផល ០​ទល់​០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុង​ជំនួប​ចុងក្រោយ​នៃ​ពូ​ល G ពានរង្វាន់​យុវជនប្រចាំ​ទ្វីប​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ (AFC U-19 Championship 2018)។

ក្រោយ​លទ្ធផល​ស្មើ​នេះ​គ្រូ​បង្វឹក U-19 ហ្វីលីពីនលោក Jose Maria Aberasturi បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​កូន​ក្រុម​របស់​ខ្លួន ដែល​បាន​ធ្វើតាម​គម្រោង​រៀបចំ​របស់​ខ្លួន​។​ ​នេះ​គឺជា​លើកដំបូង​ដែល​កីឡាករ​របស់​យើង​ ធ្វើតាម​នូវ​អ្វី​ដែល​លោក​បាន​រៀបចំគឺ​ពួក​យើង​ព្យាយាម​បិទ​កីឡា​ករ​លេខ​៩ ( សៀង ច​ន្ធា ) ជា​ខ្សែប្រយុទ្ធ​ដែល​មាន​គុណភាព ហើយ​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​គាត់ លេខ​១០ ( ទៀត គីមហេង ) ក៏​ដូចគ្នា ហើយ​នឹង​កីឡាករ​លេខ​៧ ( ស៊ិន កក្កដា ) ដែល​ទាំង​ ៣​នាក់​នេះ យើង​ព្យាយាម​បិទ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ក្រុម​លោក​។ ​ដូចនេះ​គ្រូ​បង្វឹក U-19 ហ្វីលីពីនគិត​ថា ​ការប្រកួត​ក៏​តានតឹង​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា បើ​ធៀប​ទៅ​នឹង ២​ប្រកួត​មុន នេះ​គឺជា​ការប្រកួត​ដែល​កូន​ក្រុម​របស់​លោក ​បង្ហា​ញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ព្រោះ​ថ្ងៃនេះ​កូន​ក្រុម​របស់​លោក​បាន​ធ្វើតាម គម្រោង​ដែល​បាន​រៀប​ចំ​អោយ​មុន​ពេល​ប្រកួត​។

​​ដោយឡែក​គ្រូ​បង្វឹក​ក្រុម​យុវជន U-19 កម្ពុជាលោក Inoeu Kazunori បាន​លើក​ឡើង​ថា លោក​ពិតជាសោក​ស្ដាយ​មែនទែនចំពោះ​លទ្ធផល​ស្មើ​បែបនេះ​។ អ្វី​ដែល​លោក​រំពឹង​ទុក​ពី​ដំបូង​គឺ​យើង​អាច​នឹង​ទទួល​បាន​ ៣​ពិន្ទុ ហើយ​នឹង​អាច​មាន​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់ ក៏ប៉ុន្តែ​យើង​ធ្វើ​មិនល្អ។ កីឡាករ​របស់​លោក​ពិត​ជា​ខំ​ប្រឹង​ប្រែង​អស់​សមត្ថភាព ហើយ​អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ពួក​គែ​។ តែ​លោកនៅ​មើល​ឃើញ​ពី​កំហុស​បច្ចេក​ទេស​ផ្ទាល់ខ្លួន របស់​ពួកគេ​នៅ​ខ្សោយការ​គ្រប់​គ្រង់​បាល់​, កា​រ​បញ្ជូន​បាល់​, នៅ​មាន​កំហុស​ច្រើន មួយទៀត​គឺ​ការ​បញ្ចប់​ទី​របស់​គាត់​នៅមាន​កំរិត​នៅឡើយ​។ ព្រោះ​យើង​មានឱកាស​ទាត់​ជាច្រើនលើក តែ​យើង​មិន​អាច​រក គ្រាប់​បាល់​បាន បើសិនជា​មិន​ពង្រឹងបច្ចេកទេស​ផ្ទាល់ខ្លួន​បែបនេះ​ទេ នោះ​ការប្រកួត​របស់​ពួកគាត់​នឹងទទួល​បាន​លទ្ធផលបែបនេះ​ទៀត​។

​​គួរ​បញ្ជាក់​ថា ការប្រកួត​ពានរង្វាន់​យុវជន​ប្រចាំ​ទ្វីប​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ (AFC U-19 Championship 2018) វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល G នេះ​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ដោយ​ក្រុម​ដែល​បាន​ឡើង​ទៅ​ជុំ​បន្ត​គឺជា U-19 ចិន ស្រប​ពេល​ដែល U-19 កម្ពុជា ដែល​ស្ថិតនៅ​លេខ​២ នឹង​អាច​មានឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការប្រកួត​នៅ​ពូ​ល​ចំនួន​៩​ផ្សេងទៀត​បញ្ចប់ ទើប​អាច​សម្រេច​បានតាមរយៈ​ការ​យក​ទៅ​ប្រៀបធៀប​ជាមួយ​ក្រុម​លេខ​២ នៅ​ក្នុង​ពូ​ល​ទាំង​៩​នោះ​៕