នគរបាល​រាជធានី​ទទួល​បាន​យានយន្ត​ជិត​២០០​គ្រឿង​ ដើម្បី​ធ្វើជា​មធ្យោបាយ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ

148

ភ្នំពេញ ​៖ ដើម្បី​ពង្រឹង​នឹង​សម្រួល​ឲ្យ​កាន់តែ​ល្អប្រសើរ ​និង​មាន​ប្រសិទ្ធិភាព​លើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព និង​ការងារ​សណ្ដាប់ធ្នាប់​ល្អ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ម៉ូតូ រ៉ឺម៉ក់​ម៉ូតូ ​និង​រថយន្ត​ស្ទូច​សរុប​ជិត​២០០​គ្រឿង ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី ​តាម​បណ្ដា​ខណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​៣០​ តុលា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ប្រគល់​ម៉ូតូ​ចំនួន​១៦៥​គ្រឿង និង​យានយន្ត​មួយ​ចំនួនទៀត​ជូន​ដល់​នគរបាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​ពិសេស​នៅ​ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ឈាន​មកដល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។

ឯកឧត្ដម ឃួ​ង ស្រេង មានប្រសាសន៍ថា សន្តិសុខ ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ​បើ​គ្មាន​សន្តិសុខ គឺ​មិន​មាន​ការអភិវឌ្ឍន​ទេ ដូច្នេះ​លោក​សូម​ឲ្យ​នគរបាល​យកចិត្តទុកដាក់​បញ្ហា​គោល​នយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ពិសេស​អំពើ​លួច​ឆក់​ប្លន់​ ហើយ​មិន​ត្រូវ​ឲ្យ​មាន​កុង​ត្រូលជជុះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដាច់ខាត ​ហើយ​នគរបាល​គឺជា​អ្នក​បំរើ​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់​។

គួរ​បញ្ជាក់ថា ​ពិធី​ប្រគល់​ទទួល​នេះ​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ​ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ក្នុងនោះ​រួមមាន ​រ៉ឺម៉ក ​ម៉ូតូ​ចំនួន ៨​គ្រឿង​ ជូន​ដល់​សាលាខណ្ឌ​ ម៉ូតូ​ចំនួន​១៦៥​គ្រឿង​ ជូន​នគរបាល​ស្នងការ​រាជធានី​ចំនួន​១២​គ្រឿង ​ប្រគល់​ជូន​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ ក្នុង​មួយ​ខណ្ឌ​៤​គ្រឿង ​និង​ផ្តល់ជូន​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ១០៥​ប៉ុស្តិ៍​ ក្នុង​១​ប៉ុស្តិ៍​ចំនួន​១​គ្រឿង ប្រគល់​ជូន​រថយន្ត​ស្ទួ​ច​ ចំនួន​១​គ្រឿង​ជូន​សាលាខណ្ឌ​សែន​សុខ ​និង​១​គ្រឿង​ទៀត​ប្រគល់​ជូន​ខណ្ឌ​ពោធិ៍សែន​ជ័យ ដើម្បី​ល្បាត​ការពារ​សន្តិសុខ​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​៕