លោក Rodrigo Duterte៖ លោក​នឹង​ដោះស្រាយ​ជាមួយ​លោក ត្រាំ តាម​វិធី​ត្រឹមត្រូវ​បំផុត​ក្នុង​ជំនួប​នៅ​ខែ​វិច្ឆិកា​ខាងមុខ​

115

ហ្វីលីពីន៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយកាលពី​ថ្ងៃអាទិត្យថា លោក​នឹង​ដោះស្រាយ​ជាមួយសម​ភាគីអាមេរិកលោក Donald Trump តាម​សម្រួល និង​សន្យា​ថា​នឹង​ស្ដាប់​លោក​ ត្រាំ នៅ​ពេល​មេដឹកនាំ​ទាំង​២​ ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នៅ​ខែក្រោយ​។​

​​លោក Duterte ដែល​ត្រូវ​គេ​បាន​ស្គាល់​ថា ​ជា​មនុស្ស​និយាយ​ឥត​សំចៃប្រឆាំង​អាមេរិកបាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក អំឡុង​ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយក្នុង​ទីក្រុងដា​វ៉ៅ ​ធ្វើឡើង​មុន​ពេល​លោក​ធ្វើ​ដំណើរទស្សនកិច្ច​នៅ​ទៅកាន់​ប្រទេស​ជប៉ុនថា លោក​នឹង​ជជែក​ជាមួយលោក​ ត្រាំ អំពី​បញ្ហាភេរវកម្ម, គ្រឿងញៀន និងកូរ៉េខាងជើងនៅ​ពេល​ពួក​លោក​ជួប​គ្នា​ ស្រប​ពេល​កិច្ចប្រជុំកំពូលសហគមន៍​អាស៊ាន​ក្នុង​ទីក្រុង​ម៉ានីលនៅ​ទី​១២ និង ១៣ ខែ​វិច្ឆិកា​ខាងមុខនេះ។ ​មេដឹកនាំ​ដែល​ចូលចិត្ត​និយាយ​ត្រង់​ៗ​ឥត​សំចៃ​រូប​នេះក៏បាននិយាយ​ផង​ដែរ​ថា លោក​នឹង​ស្វែងរក​ជំនួយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន​ហ្ស៊ូ​ អា​បេ សម្រាប់​ការ​ស្ថាបនា​ឡើងវិញ​នៃ​ទីក្រុង​ម៉ា​រ៉ាវី​ដែល​ទើប​រំដោះ​បាន​ថ្មី អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​តូក្យូ​រយៈពេល ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០​ ដល់​ថ្ងៃ​ទី​៣១​ ខែ​តុលា​នេះ​។

​រដ្ឋាភិបាល​នេះបាន​ប៉ាន់ប្រមាណ​ថា កា​រសាងសង់​ទីក្រុងម៉ា​រ៉ាវី​ឡើងវិញអាចចំណាយថវិកា​យ៉ាង​តិច ៥០​ពាន់​លាន​ប៉េ​សូ​ស្មើ​ ៩៧១​លាន​ដុល្លារ​អាមេរិក បន្ទាប់ពីការ​វាយប្រយុទ្ធ​គ្នា​រយៈពេល​ ៥​ខែ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ខ្សែ​បណ្ដាញរដ្ឋ​អ៊ីស្លាម ​ដែល​ឆក់យក​ជីវិត​មនុស្ស​ជាង ​១​ពាន់​នាក់៕
អត្ថបទ៖ សុខ​មាន